នាវាទេសចរណ៍ SILVER SPIRIT នាំភ្ញៀវទេសចរបរទេសជាង ៥០០នាក់ ធ្វើទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រ

ខេត្តព្រះសីហនុ៖ នាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ SILVER SPIRIT បាននាំភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញ ទៅកាន់ប្រទេសថៃ។

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ SILVER SPIRIT មានសញ្ជាតិ BAHAMAS  បណ្តោយប្រវែង ២១០.៧០ម៉ែត្រ ទទឹង២៦.៥០ម៉ែត្រ និងជម្រៅទឹក ៦.៦០ម៉ែត្រ បាននាំភ្ញៀវទេសចរ បរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង២៤នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ១៦ល្ងាចថ្ងៃដដែល ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SILVER SPIRIT មានចំនួនសរុប ៥១១នាក់ ស្រី ២៥៦នាក់ មាន ២៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០៨នាក់ ស្រី ៦៨នាក់ មាន ៤៣សញ្ជាតិ។

ភ្ញៀវទេសចរបានធ្វើដំណើរទស្សនាលេងកម្សាន្តជាមួយសិស្សានុសិស្សនៅសាលា បឋមសិក្សា អនុវិទ្យាល័យបិតត្រាំង ឃុំបិតត្រាំង និងរមណីយដ្ឋានក្នុងស្រុកព្រៃនប់ ទីប្រជុំជនផ្សារ និងតាមតំបន់ឆ្នេរ តំបន់នេសាទ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង