Detail Top Banner

កីឡានាំមកនូវសុខភាព​ បើល្បែងកីឡា ពិតជា ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ

ខេត្តកណ្តាល ៖ បើនិយាយជាទូទៅ កីឡា នាំមកសុខភាព ប្រភពពីសមត្ថកិច្ចខេត្តកណ្តាលបានឲ្យដឹងថា បុរស២ក្រុម ណាត់គ្នាលេងបាល់ទះ​ ភ្នាល់ដាក់ប្រាក់ លុះពេលភាគីអ្នកចាញ់គ្មានប្រាក់ឲ្យគ្រប់ចំនួន បង្កជាអំពើហឹង្សា ផ្ទុះកំហឹងដាក់គ្នា ព្រួតវាយគ្នា បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន។

ជនរងគ្រោះឈ្មោះ ស្រ៊ុន វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរជាងអារឈើ ចំណែកឯជនដៃដល់ទី១-ឈ្មោះ លី ប៊ុនលីម ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ សមត្ថកិច្ចឃាត់ខ្លួន និងទី២-ឈ្មោះ លីម សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ រត់គេចខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ លីម សុភ័ក្ដ្រ និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាមកលេងបាល់ទះភ្នាល់ដាក់ប្រាក់ ជាមួយជនរងគ្រោះ ស្រ៊ុន វាសនា ដោយម្ខាងៗ មានសមាជិក​៣នាក់។ លុះពេលចប់បាន២ស៊ិក(ប្រកួត) ខាងជនរងគ្រោះបានខ្វះប្រាក់ចំនួន៣ម៉ឺនរៀល ទៅអោយភាគីជនសង្ស័យដែលឈ្នះ ពេលនោះក៏មានការជជែកប្រកែកដាក់គ្នាទៅវិញទៅមក ហើយឈ្មោះ លី ប៊ុនលីម បានឲ្យជនរងគ្រោះជាអ្នកទទួលខុសត្រូវនៅប្រាក់ដែលខ្វះ ទៅលើភាគីអ្នកឈ្នះ តែជនរងគ្រោះពុំព្រម ខណៈនោះឈ្មោះ លី ប៊ុនលីម បានស្ទុះទៅវាយឈ្មោះ ស្រ៊ុន វាសនា ជាច្រើនដៃ ហើយឈ្មោះ លីម សុភ័ក្ត្រ ក៏ទាញខ្សែក្រវាត់ វាយទៅលើឈ្មោះ ស្រ៊ុន វាសនា ថែមទៀត បណ្ដាលឲ្យរយះបែកក្បាលហូរឈាមស្រោចខ្លួន បន្ទាប់មកក៏នាំគ្នារត់គេចខ្លួនបាត់អស់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០.១០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ចំណុចតារាងបាល់ទះក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។

នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ទើបជនរងគ្រោះមកដាក់ពាក្យប្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ សមត្ថកិច្ចទទួលបណ្ដឹងភ្លាម ក៏បញ្ចេញកម្លាំងជំនាញស្រុក ឲ្យសហការជាមួយកម្លាំងប៉ុស្ដិ៍កោះធំ(ខ)ចុះអង្កេតនិងស្រាវជ្រាវ នៅថ្ងៃទី២៩ ក៏ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លី ប៊ុនលីម នាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ចំណែកជនសង្ស័យផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន នាំមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង