ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មី២០២០ ចាប់ផ្តើមជម្រុះថ្នាក់ខេត្តនាដើមសប្តាហ៍ក្រោយនេះ
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាលថ្មី ២០២០ នឹងត្រូវចាប់ផ្តើមវគ្គជម្រុះថ្នាក់ខេត្ត នាថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ដោយមានត្រឹម១៧ខេត្តបានចូលរួមប្រកួតប្រជែង ខណៈ៥ខេត្តផ្សេងទៀតមិនត្រូវបានគណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអនុញ្ញាតឱ្យចូលរួមឡើយ ដោយសារខេត្តទាំង៥នោះមិនគ្រប់លក្ខណៈសម្បត្តិ។
១៧ក្រុមថ្នាក់ខេត្ត ដែលCNCC ផ្តល់សិទ្ធិឱ្យចូលរួមនោះត្រូវបានចែកចេញជា៥ពូល ដោយក្នុងពូលក និងពូលង មាន៤ក្រុមដូចគ្នា ខណៈពូល B C D មានក្រុមស្មើៗគ្នា។ ដោយឡែកសម្រាប់៥ខេត្តផ្សេងទៀត ដែលបានដាក់ពាក្យរួចរាល់ ប៉ុន្តែមិនទទួលបានសិទ្ធិចូលរួមមានដូចជា ស្ទឹងត្រែង មណ្ឌលគិរី ប៉ៃលិន ពោធិ៍សាត់ និងកំពង់ចាម ដោយCNCC អះអាងថា ទីលានមិនមានការថែទាំគ្មានស្មៅ ដីហុយខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពកីឡាករ ពេលកំពុងលេងលើទីលាន, ស្ថានភាពដីរឹងខ្លាំង ដីខ្សាច់លាយគ្រោះ អាចផ្តល់គ្រោះថ្នាក់ដល់ កីឡាករ, ពេលមានភ្លៀងធ្លាក់ទីលាននឹងក្លាយជាភក់ ក៏ដូចជាធ្វើឱ្យទឹកដក់ពេញទីលាន មិនអាចប្រកួតបាន, ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសផ្សេងៗត្រូវការអភិវឌ្ឍបន្ថែម និងទិដ្ឋភាពទីលាន។ ចំពោះ៣រាជធានី-ខេត្តមិនបានដាក់ពាក្យចូលរួមឆ្នាំនេះ គឺភ្នំពេញ ក្រចេះ និងស្វាយរៀង។សម្រាប់ការប្រកួតថ្នាក់ខេត្តនឹងត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ (៦សហ្តហ៍) សម្រាប់ការបញ្ចប់វគ្គចែកពូល ហើយបន្តនៅវគ្គ១/៤ ឬវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវចាប់ ឆ្នោតជ្រើសរើសគូប្រកួតជាថ្មី ចំពោះក្រុមខ្លាំងៗទាំង៨ ដោយត្រូវបន្តវគ្គ១/៤នេះ រយៈពេល៥សប្តាហ៍ទៀត សរុប១១សប្តាហ៍ ដើម្បីបញ្ចប់ការប្រកួតថ្នាក់ខេត្ត វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ ក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ថ្នាក់ខេត្តនឹងត្រូវឡើងទៅប្រកួតថ្នាក់ជាតិជាមួយក្រុមទាំង១២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ដែលមាន១៣ក្រុម សម្រាប់រដូវកាល ២០២០ (មិនចូលរូមក្រុមយុវជនបាទី)។ សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មីនេះត្រូវបានចែកចេញជាពីរថ្នាក់ដូចប៉ន្មានរដូវកាលចុងក្រោយនេះដែរគឺការប្រកួតថ្នាក់ខេត្តនិងការប្រកួតថ្នាក់ជាតិ។ ការប្រកួតថ្នាក់ ជាតិនឹងត្រូវចាប់ផ្តើមប្រកួតជម្រុះគឺនៅក្រោយពេល ដែលការប្រកួតថ្នាក់ខេត្តបានបញ្ចប់ជាស្ថាពរ៕ by AKP