សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េខាងត្បូង ថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលនិងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េសម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម មូនចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម បន្ថែមពីនេះសម្ដេចតេជោ នឹងអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ រៀបចំដោយឯកឧត្តម ជុងសៃខ្យូន (Chung Sye-kun) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសន្ទរកថា គន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូល ស្តីពី ” សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ” រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណាលជាមួយសហគមន៍កម្ពុជា សិស្សនិស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការក្នុងសាធារណរដ្ឋកូរ៉េផងដែរ នេះជាចំណុចសំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្លួន ទោះបីជាទៅដល់ទីណា សម្តេចតែងតែឆ្លៀតពេលដ៏មានតំលៃចុះសាកសួរសុខទុក ស្របពេលដែលប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចដែលប្រជាពលរដ្ឋយើងទូទាំងប្រទេស អរគុណសន្តិភាព ៕