UNESCO គាំទ្រឱ្យកម្ពុជា​ រើសទីក្រុងមួយចំនួនដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

ភ្នំពេញ៖ អង្គការ UNESCO បានសម្រេចគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត ក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេស ទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា។អង្គការ UNESCO បានគាំទ្រការដាក់ចេញឲ្យឆាប់រហ័សផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប ដែលក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួងបានកំពុងរៀបចំ ដោយផ្តោតលើតំបន់៦ជាអាទិភាព គឺតំបន់ប្រាសាទអង្គរ ក្រុងសៀមរាប ទន្លេសាប-ព្រែកទាល់ ភ្នំគូលែន បន្ទាយស្រី និងតំបន់សៀមរាបថ្មី ដោយអង្គការ UNESCO នឹងផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងផែនការនេះ។តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍បានលើកឡើងថា «អង្គការ UNESCO គាំទ្រឲ្យកម្ពុជាជ្រើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO (Creative City) ដោយនៅក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO»។

ក្រៅពីនេះ អង្គប្រជុំបានឯកភាពគ្នាបានគាំទ្រឲ្យមានការដាក់បញ្ចូលនូវម្ហូបអាហារខ្មែរ (Cambodian Gastronomy) ជាពិសេសនំបញ្ចុក ប្រហុក អាមុក និងអំបុកជាដើម និងបេតិកភណ្ឌអរូបីផ្សេងទៀត ដើម្បីដាក់ក្នុងបញ្ជីត្រៀម (Tentative List) សម្រាប់ស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO៕

អត្ថបទដែលជាប់ទាក់ទង