ព្រឹត្តិការណ៍ទិវាអាស៊ីអឺរ៉ុបឬ ASEM DAY ២០២០ កម្ពុជាត្រៀមរៀបចំធំជាងឆ្នាំមុនៗ

ភ្នំពេញ៖ ប្រភពពីAKP បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទិវាអាស៊ីអឺរ៉ុប ហៅកាត់ថា ASEM DAY គឺធ្វើធំជាងឆ្នាំមុនៗ ក្នុងគោលបំណងដើម្បីទាក់ទាញដល់មហាជនឲ្យចូលទស្សនា ស្វែងយល់ពីព្រឹត្តិការណ៍អាស៊ីអ៊ឺរ៉ុបនៅកម្ពុជា ហើយបានកាន់តែច្រើន ខណៈដែរកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលដ៏ធំនេះ។
លោកជំទាវ ជ្រឹង បុទុមរង្សី អនុរដ្ឋលេខាធិការក្រសួងកាបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃ ASEM Day ឆ្នាំ២០២០នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ខែកុម្ភៈដែលមានលក្ខណៈធំប្លែក អ៊ូរអរជាងឆ្នាំមុនៗ។ លោកជំទាវបានបន្ថែមថា នៅក្នុងការរៀបចំAsem day ទាំង២ថ្ងៃនេះ គឺមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនជា ដូចជា ការបើកព្រឹត្តិការណ៍ Asem day ដែលថ្លែងសុន្ទរកថាដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុម រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទំាងមានការអញ្ជើញចូលរួមពី បណ្តាអង្គទូតនានាប្រជាំព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ សិស្សនិស្សិតប្រមាណ ជាង១២០០នាក់។ នៅក្នុងព្រឹត្តិការណ៍ នឹងបើកឱកាសឲ្យអ្នកចូលរួមបានសិក្សាស្វែងយល់ពី ព្រឹត្តិការណ៍អាស៊ី អ៊ឺរ៉ុបតាមរយៈការសួរនាំពីស្តង់របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងស្តង់របស់ក្រសួងស្ថាប័នរដ្ឋនានាដែលមានប្រត្តិបត្តិការក្នុងដំណើរការកិច្ចប្រជុំ។
«ការរៀបចំAsem day យើងនឹងមានស្តង់ផ្សព្វផ្សាយពីព័ត៌មានអស់នឹង ដើម្បីអោយពួកគាត់ចូលរួមស្វែងយល់ ហើយក៏ចូលរួម ដើម្បីអបអរសាទរនៃឆ្នាំនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបរបស់យើងនេះ ហើយក្នុងនោះផងដែរ ព្រឹត្តិការណ៍សប្បាយៗ យើងមាន ដូចជា Concert មានការចូលរួមពីតារាសម្តែងល្បីៗ ហើយយើងក៏មានតូចៗជាលក្ខណៈថា អញ្ជើញសិល្បករ សិល្បការិនី កីឡាការល្បីៗឈ្មោះមកចូលរួមសប្បាយៗជាមួយបងប្អូន អាចថា ថតរូប សែលហ្វី ឫក៏មានសំណួរអ្វីសួរទៅគាត់ ស្វែងយល់មានឱកាសស្គាល់ពីគាត់ដែរ។អញ្ចឹងហើយគិតថា ២ថ្ងៃនេះជាលក្ខណៈមួយសប្បាយរីករាយសម្រាប់ប្អូនៗចូលរួម មិនត្រឹមតែស្វែងយល់ព័ត៌មានទេ គឺអោយសប្បាយរីករាយទាំងអស់គ្នា ចូលរួមអបអរសាទរទិវា Asem »។


លោកជំទាវបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ASEM DAY២០២០ដ៏ធំជាងឆ្នាំមុនៗ ដោយ សារតែឆ្នាំនេះកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទៃនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប លើកទី១៣ ដែលត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានស្វែងយល់ពីព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះឲ្យកាន់តែ ស៊ីជម្រៅ។
លោក មឿង ឈាងវណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ការរៀបចំព្រឹត្តិការណ៍ ASEM DAY គឺជាព្រឹត្តិការណ៍ដ៏ល្អមួយដើម្បីទាញទាញ ឲ្យសាធារណៈជនបានមកស្វែងយល់ពីព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុបឲ្យកាន់តែច្បាស់ ខណៈដែរបច្ចុប្បន្នចំណេះដឹងរបស់ប្រជាជនកម្ពុជាពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុបនេះនៅមានកម្រិតទាបនៅឡើយ។
« ចំណេះដឹងពីប្រជាជនអំពី Asem នៅមានកម្រិតទាបមែនទែន ទាំងប្រជាជនអាស៊ី និងអឺរ៉ុប អញ្ចឹងទេក៏ជាឱកាសមួយ ដើម្បីអោយប្រជាជនកម្ពុជាយើងស្គាល់អំពី Asem ជាស្អី ហើយនឹងធ្វើយ៉ាងណាអោយគាត់យល់ពីតម្លៃនៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ទ្វីបអាស៊ី និងអឺរ៉ុប »។
សូមបញ្ជាក់ថា ទិវា ASEM Day គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលជាស្ពានចំលងឲ្យប្រជាពលរដ្ឋ សិស្ស និស្សិត មន្រ្តីរាជការនិងមហាជនទូទៅបានដឹងពីគ្រប់ព្រឹត្តិការណ៍នានានៃកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប លើកទី១៣ នៅកម្ពុជា។ ទិវានៃក៏បានបង្ហាញអំពីប្រវត្តិ មូលហេតុ ផលប្រយោជន៍ ខ្លឹមសារ តួនាទីអ្នកចូលរួម និងអ្នករៀបចំពាក់ព័ន្ធ នៃដំណើរការព្រឹត្តិការណ៍កិច្ចប្រជុំកំពូល អាស៊ី អ៊ឺរ៉ុប៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង