ប្រទេសវៀតណាមបញ្ជាក់អំពីករណីទី១០ នៃការឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេស
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា មានមនុស្សម្នាក់បន្ថែមទៀតហើយមកពីខេត្ត Vinh Phuc ភាគខាងជើងនៃប្រទេសវៀតណាមបានធ្វើតេស្តវិជ្ជមាន រកឃើញមេរោគកូរ៉ូណាវីរុស (nCoV) ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១០នាក់ហើយនៅក្នុងប្រទេសវៀតណាម។
ក្រសួងនេះបាននិយាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ថា អ្នកជំងឺថ្មីនេះជាស្រ្តី អាយុ៤២ឆ្នាំ កំពុងទទួលការព្យាបាលនៅឯមណ្ឌលវេជ្ជសាស្ត្រនៃស្រុក Binh Xuyen ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ នាង គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺបុរសដែលបានធ្វើតេស្តវិជ្ជមាន នៃមេរោគកូរ៉ូណាវីរុស កាលពីមុននៅក្នុងខេត្ត Vinh Phuc ។ នាងបាននិយាយថា នាងបានទៅលេងផ្ទះអ្នកជំងឺប្រុសនោះនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម (Tet) កាលពីថ្ងៃទី២២ និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ។ នាងមានអាការៈគ្រុនក្តៅបន្តិចកាលពីថ្ងៃទី ៣១ ខែមករា នឹងបានទៅគ្លីនិកមួយក្នុងស្រុកដើម្បីធ្វើការពិនិត្យ។ បន្ទាប់មក នាងត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពស្រុកដើម្បីព្យាបាល និងដាក់ឱ្យនៅដាច់ដោយឡែក ខណៈដែលសំណាកត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិផ្នែករោគរាតត្បាតដើម្បីធ្វើតេស្ត។ អ្នកជំងឺប្រុសនោះ គឺស្ថិតក្នុងចំណោមមនុស្ស៨នាក់ ដែលបានត្រឡប់មកពីទីក្រុងវូហាន របស់ប្រទេសចិនក្នុងជើងហោះហើរដូចគ្នា។ ក្នុងចំណោមពួកគេមាន៤នាក់ដែលបានឆ្លងមេរោគកូរ៉ូណាវីរុសនេះ។ ជនជាតិវៀតណាម ៨នាក់ត្រូវបានបញ្ជូនទៅទីក្រុង Wuhan សម្រាប់ការបណ្តុះបណ្តាលដោយក្រុមហ៊ុន Nihon Plast Co Ltd របស់ប្រទេសជប៉ុន ហើយបានវិលត្រឡប់មកប្រទេសវៀតណាមវិញតាមក្រុមហ៊ុនអាកាសចរណ៍ចិនភាគខាង ត្បូង (China Southern Airlines) តាមជើងហោះហើរលេខ CZ8315 កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០។ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងនោះត្រូវបានអនុញ្ញាតិឱ្យចេញទៅផ្ទះវិញ បន្ទាប់ពីគ្រូពេទ្យបានបញ្ជាក់ថា នាងគ្មានមេរោគកូរ៉ូណាវីរុសទៀតទេ។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានរាយការណ៍ថា មានករណីសង្ស័យឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ៣០៤ករណី ក្នុងចំណោមនោះ ២១៤ករណីបានធ្វើតេស្តអវិជ្ជមាន និង ៩០ករណីទៀត កំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគេ ខណៈដែលសំណាកកំពុងធ្វើតេស្ត ប្រជាជនដែលរងផលប៉ះពាល់ចំនួន ៣នាក់នៅខេត្ត Thanh Hoa ទីក្រុងហូជីមិញ និងខេត្ត Khanh Hoa បានចេញពីមន្ទីរពេទ្យហើយ៕