គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់ ត្រូវបានកិច្ចប្រជុំអន្តរក្រសួង​អនុម័ត

ភ្នំពេញ៖ យោងលើអត្ថបទព័ត៌មាន នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចេញផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោង​បង្កើតរោងចក្រផលិតសម្ភារៈសំណង់(Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទលើផ្ទៃដីទំហំ ២៨.៦៧០ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំ​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួម​ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង​ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានវាយតម្លៃផលប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន ចំនួន​ ៣២នាក់។

អង្គប្រជុំ​បានទទួលលទ្ធផល​ ដូចខាងក្រោម៖

១-​ អង្គប្រជុំ​ បានគាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់នេះ។

២-​ ក្រុមហ៊ុន​ម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួល​របាយការណ៍​នេះ​ស្របតាមស្មារតីអង្គប្រជុំ​។

៣-​ ក្រុមហ៊ុន​ ត្រូវត្រួតពិនិត្យគុណភាពផេះដែលយកទៅផលិតឱ្យមានគុណភាពល្អ ចៀសវាងបង្កបញ្ហាដល់អ្នកប្រើប្រាស់។

៤-​ ក្រុមហ៊ុន​ ត្រូវត្រួតពិនិត្យឡចំហាយចំពោះការបញ្ចេញផ្សែងនេះឱ្យស្ថិតនៅក្រោមស្តង់ដាររបស់ក្រសួងបរិស្ថាន លើស​ពីនេះ​ក្រុមហ៊ុនត្រូវធ្វើការអប់រំបណ្តុះបណ្តាលដល់បុគ្គលដែលបញ្ជាលើឡចំហាយ​ ហើយត្រូវទទួលស្គាល់ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា​ និង​នវានុវត្តន៍។

៥-​ ក្រុមហ៊ុន​ ត្រូវរៀបចំគ្រប់គ្រងសំណល់រឹង.រាវឱ្យបានត្រឹមត្រូវចៀសវាងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់គម្រោង។

៦-​ ក្រុមហ៊ុន​ ត្រូវកាត់បន្ថយការបំពុលខ្យល់ដែលចេញពីការ ក្រឡុកស៊ីម៉ងត៍ និងការដឹកសម្ភារៈសំណង់ធ្វើការគ្រប និងដាំដើមឈើក្នុងទីតាំងគម្រោង ព្រមទាំងធ្វើការសម្អាតជាប្រចាំ​ ដើម្បីកាត់បន្ថយការហុយធូលីឱ្យត្រឹមត្រូវ

៧-​ ក្រុមហ៊ុន​ត្រូវរៀបចំកន្លែងស្នាក់នៅរបស់បុគ្គលិក-កម្មករឱ្យបានត្រឹមត្រូវ ករណីកំពុងសាងសង់​ ក្រុមហ៊ុនមិនត្រូវអនុញ្ញាតឱ្យកម្មករ​សម្រាកនៅក្នុងអគារនោះទេ

៨-​ ក្រុមហ៊ុន​ត្រូវអប់រំបុគ្គលិក-កម្មករអំពីសុខភាព និងសុវត្ថិភាព ក្នុងការបំពេញការងាររួមទាំងផ្តល់ឧបករណ៍សុវត្ថិភាពក្នុងការបំពេញការងារ។

៩-​ ក្រុមហ៊ុន​ ត្រូវផ្តល់ប័ណ្ណ​ ប.ស.ស ដល់បុគ្គលិក-កម្មករ ដើម្បីឱ្យពួកគាត់ទទួលបានផ្នែកការពារព្យាបាលសុខភាពសង្គម។

១០-​ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសហការជាមួយជំនាញពាក់ព័ន្ធឱ្យបានល្អប្រសើរ។

១១-​ ក្រុមហ៊ុន​ ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ចេញ-ចូល និងអប់រំដល់អ្នកបើកបរចៀសវាងគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោង​បង្កើតរោងចក្រផលិតសម្ភារសំណង់(Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទ បានបញ្ចប់នានារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដដែល៕

អត្ថបទដែលជាប់ទាក់ទង