ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ នឹងធានាការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា

ភ្នំពេញ៖ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា( CMH)បានលើកទ្បើងថា ប្រសិទ្ធភាព ដែលនាំឱ្យមានការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់បាននោះ គឺត្រូវអនុវត្តច្បាប់ ស្តីពីការ ត្រួតពិនិត្យផលិតផលថ្នាំជក់អោយបានល្អ។

ថ្លែងក្នុងសិក្ខាសាលា បណ្តុះបណ្តាលអ្នកសារពត៌មាន ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ លោកវេជ្ជបណ្ឌិតមុំ គង់ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ គឺជាប្រសិទ្ធភាពមួយ ដែលឈានទៅកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

សំលេងៈ ទី១គឺយើងត្រូវហាមឃាត់ទាំងស្រុងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។ ទី២ គឺតំទ្បើងពន្ធផលិតផលថ្នាំជក់ឱ្យបានដល់កំរិតមួយ ដែលធ្វើឱ្យចំណេញដល់សេដ្ឋកិច្ច។


ទី៣ ការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់ នៃការជក់បារី ចំណែកទី៤វិញ គឺការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការ និង កន្លែងសារធារណៈរួមមាន ភោជនីយដ្ឋានជាដើម។

លោកបានបន្ថែមទៀតថា ការពង្រឹងវិធានការច្បាប់គ្រប់គ្រងលើផលិតផលថ្នាំជក់ គឺដើម្បីការពារសុខភាព ប្រជាពលរដ្ឋ ខណៈដែលថ្នាំជក់បានធ្វើឲ្យកើតជម្ងឺជាច្រើន ដូចជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាល,ជំងឺស្ទះសរសៃឈាមបេះដូង, ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត, ទងសួត និង បំពង់ខ្យល់។

យោងតាមរបាយការណ៍បានបង្ហាញផងដែរថា ការប្រើប្រាស់ផលិតផលថ្នាំជក់បណ្តាលឱ្យខាតបង់ថវិកា៦៤៨លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដែលស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។ ក្នុងនោះ៥៨៤លានដុល្លារអាមេរិក បណ្តាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច ពិសេសមរណៈភាពមុនអាយុកំណត់ ផលិតភាពការងារថយចុះ អវត្តមានពីការងារជាដើម។ បន្ថែមពីនេះទៀត អង្គការសុខភាពពិភពលោកបានរកឃើញថា នៅទូទាំងសកលលោក ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ៨លាននាក់បាន ស្លាប់ដោយការប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះដែរប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ហើយក្នុង១ថ្ងៃៗមានអ្នកស្លាប់ប្រមាណជាង៤០នាក់។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ ច្បាប់នេះ មានគោលបំណងការពារសុខភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់សង្គម៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង