រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា៖ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ប្រចាំឆ្នាំនៅកម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ថៃ


ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា និងថៃបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យរឹតតែរឹងមាំបន្ថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានតាំងចិត្តរួមសហការគ្នាឱ្យកាន់តែស៊ីជម្រៅ និងសកម្មទ្វេឡើង តាមរយៈការផ្លាស់ប្តូរការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មទៅវិញទៅមក ក្នុងនោះក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅក្នុងប្រទេសកម្ពុជា ដូចជា ពិព័រណ៍ Thai Mini Week, Top Thai Brand, Thailand Trade Fair, Thai Products Expo ជាដើម។ ដោយឡែកក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជូនវិស័យឯកជន និងក្រុមហ៊ុនក្នុងស្រុក ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសថៃ រួមទាំងការសហការគ្នាបង្កើតឱ្យមានកិច្ចប្រជុំ សិក្ខាសាលា ស្តីពីសកម្មភាពពាណិជ្ជកម្ម ជាប្រចាំទៅវិញទៅមកជាច្រើនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែលកើតចេញកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះដែរ ការសម្រេចបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់ និងការរីកចម្រើននានា អាចកើតឡើងដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយក្នុងការបង្កបង្កើនផល មានសិទ្ធិសេរីភាពក្នុងការធ្វើធុរកិច្ច និងវិនិយោគ តាមអ្វីដែលពួកគេចង់ធ្វើ។

ឯកឧត្តម ជូរីន ឡាសានាវិស៊ិត (Jurin Lakasawisit) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃបានគូសបញ្ជាក់ថា ពិព័រណ៍ «ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើនាពេលនេះ មានស្តង់ពាណិជ្ជកម្មចំនួន ៣០០ ស្តង់ ដែលបានដាក់តាំងនូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលថៃដែលមានគុណភាពខ្ពស់ និងមានប្រជាប្រិយភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីថៃបានបន្ដថា ការរៀបចំពិព័រណ៍ក្នុងឆ្នាំ២០២០នេះ ជាវេលាមួយដ៏ល្អ គាប់ជួនជាមួយនឹងខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។ តាមរយៈការជួបពិភាក្សារវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕ អរគុណសន្តិភាព
