សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកូរ៉េ អញ្ជើញជាអធិបតីពិធីបើកការដ្ឋាន គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកការដ្ឋានគម្រោង​ធ្វើឱ្យប្រសើរ​ឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សរុបប្រវែង ៧២.១៧ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ-​អូរចំបក់-អង្គតាសោម ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលពិធីនេះប្រារព្ធធ្វើឡើងលើដង​ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។

 

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូលបានអោយដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។


សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍ថាកន្លងមកកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង។


សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ផងដែរអំពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវជាតិនេះ ដែលទន្ទឹងរង់ចាំយ៉ាងយូរនូវថ្ងៃបើកការដ្ឋានសាងសង់ និងផលរំខានពេលដំណើរការសាងសង់នោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីជំនួបរបស់សម្តេចផ្ទាល់ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ក្នុងនោះសម្តេចបានស្នើរអោយមិត្តកូរ៉េពិចារណាក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងប្រទេសកម្ពុជា

ខណៈដែលបច្ចុប្បន្ននេះ យើងមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដូច្នេះសម្តេចតេជោបានស្នើរដល់ភាគីនៃប្រទេសកូរ៉េ ពិចារណាក្នុងសាងស្ពានកម្ពុជា-កូរ៉េ នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា សំរាប់ទីតាំងដែលតម្រូវចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះ គឺនៅចំនុចពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ។

សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។ ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញបញ្ជាគ្រឿងចក្រ បើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ចាប់ពីពេលនេះតទៅ៕
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង