Updating ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស កើនដល់១ ០១៣នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៤២ ៧៥៩នាក់
បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ១០៩នាក់ដែលស្ថិតក្នុងខេត្ត Hubei ទាំងអស់។ ដោយគិតត្រឹមម៉ោង ៦ និង៣០ នាទីព្រឹក ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់១ ០១៣នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៤២ ៧៥៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South Morning China POst។
ខណៈពេលដែលចំនួនអ្នកឆ្លងវីរុសកូរ៉ូណាករណីថ្មីបានថយចុះគួរឱ្យកត់សម្គាល់ពីមួយថ្ងៃមុននោះ ក៏ប៉ុន្តែចំនួនអ្នកស្លាប់ថ្មីបានឈានដល់កំរិតខ្ពស់ថ្មីមួយដែលអ្នកស្លាប់សុទ្ធសឹងតែជាប្រជាជនរស់នៅខេត្តហ៊ូប៉ី ក្រុងវូហាន ភាគកណ្ដាលប្រទេសចិន។
ជាមួយគ្នានេះផងដែរ អ្នកជំងឺជិត២ ១៥២នាក់ហើយ ដែលបានធូរស្បើយ ហើយត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យ ខណៈជិត៦ ៣០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមបច្ចុប្បន្នភាពនៃទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន ។
វីរុសនេះបានរាលដាលដល់ប្រទេសយ៉ាងហោចណាស់ចំនួន ២៤ ប្រទេសធ្វើឱ្យមនុស្សឈឺជាង ៤២ ០០០នាក់ នៅទូទាំងពិភពលោកដោយមានករណីសង្ស័យរាប់ពាន់រាប់ពាន់ករណីទៀត។
ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិនបានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។ វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុកនិងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាននិងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕ ប្រភព៖ South Morning China POst by KBN