កិច្ចប្រជុំក្រុមការងារជាមួយវិស័យឯកជន ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារជាមួយវិស័យឯកជន ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម “ក”ដែលមាន ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” ដឹកនាំកិច្ចប្រជុំនេះ និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីអញ្ជើញមកពីវិស័យឯកជននានា។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗជាច្រើន ដូចជា៖ ពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើមថ្មីៗ ក្នុងស្មារតីស្ថាបនាដើម្បីបង្កើនផលិតភាព ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយសុខដុមនីយកម្ម លើកស្ទួយវិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជនបទប្រកបដោយចីរភាព និងនិរន្តរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតជាសំខាន់ទៅ លើការធ្វើនវានុវត្តន៍វិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណ:បច្ចេកទេស ផែនការផលិតកម្ម ប្រកួតប្រជែង លើកកម្ពស់គុណភាព ប្រសិទ្ធភាព បរិយាប័ន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលក្នុងគ្រួសារកសិករ និងកំណើរសេដ្ឋកិច្ចជាតិ។

ដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ក្រុមការងារបានដាក់ចេញនូវយុទ្ធសាស្រ្តមួយចំនួនដូចជា៖

ទី១- លើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម តម្លៃបន្ថែម ប្រកបដោយភាពប្រកួតប្រជែង

ទី២- បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជ

ទី៣- បង្កើនការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព និង

ទី៤- ពង្រឹងស្ថាប័ន បទដ្ឋានគតិយុត្ត និងអភិវឌ្ឍន៍ធនធានមនុស្ស ។

លទ្ធផលនៃកិច្ចប្រជុំនេះ រួមជាមួយនឹងបញ្ហាប្រឈម និងសំណូមរបស់វិស័យឯកជនមួយចំនួន ឲ្យជួយដោះស្រាយ គឺក្រុមការងារបានដោះស្រាយនៅនឹងកន្លែងមួយចំនួនតាមរយៈស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងនៅមានចំណុចមួយចំនួន ដែលដែលអង្គប្រជុំ និងសហប្រធានមិនអាចដោះស្រាយបាន ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេច ដ៏ខ្ពង់ខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង