កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាពដោយធានាបាននូវការការពារនិងគ្រប់គ្រងជំងឺដោយហ្មត់ចត់ជូនទេសចរនិងប្រជាជនគ្រប់រូប

ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រកាសថាមកដល់ពេលនេះ វិស័យទេសចរណ៍កម្ពុជា នៅតែគ្រប់គ្រងបានល្អបើទោះបីជាមានការផ្ទុះរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីក៏ដោយពោលគឺកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាព។


ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ“វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១”នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា បើទោះបីជាពិភពលោកកំពុងតែជួបប្រទះនូវបញ្ហាវិបត្តិនានានិងការផ្ទុះរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីក៏ដោយ ក៏កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាពដោយធានាបាននូវការការពារនិងគ្រប់គ្រងជំងឺនេះដោយហ្មត់ចត់ជូនទេសចរនិងប្រជាជនគ្រប់រូបដែលរហូតមកដល់ពេលនេះកម្ពុជារកឃើញមានអ្នកឆ្លងជម្ងឺនេះតែចំនួន ១ករណីប៉ុណ្ណោះ។


ឯកឧត្តមបញ្ជាក់ដោយភាពជឿជាក់ថា ការគំរាមកំហែងនៃមេរោគជំងឺឆ្លងកូរ៉ូណាវីរុសនៅកម្ពុជា គឺស្ថិតក្រោមការគ្រប់គ្រងបានល្អ។ គ្រប់គោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមានសកម្មភាពរស់រវើក ។ក្រសួងទេសចរណ៍សូមអំពាវនាវដល់ប្រតិបត្តិកទេសចរណ៍ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នាក្នុងការទ្រទ្រង់វិស័យទេសចរណ៍ទប់ទល់ដោះស្រាយ និងសម្រាលការលំបាកនានា។


ជាមួយគ្នានោះក្រសួងបានដាក់ចេញនូវវិធានការមួយចំនួនដូចជំរុញឲ្យភាគីពាក់ព័ន្ធសហការជាមួយក្រសួងទេសចរណ៍ ជំរុញទេសចរអន្តរជាតិឲ្យមកកំសាន្តនៅកម្ពុជា ជាពិសេស ទេសចរមកពីប្រទេសជិតខាង ,ជំរុញឲ្យស្ថាប័នពាក់ព័ន្ធសម្រួលការធ្វើដំណើររបស់ទេសចរឲ្យកាន់តែងាយស្រួលជាពិសេសតាមច្រកអន្តរជាតិនានា ដោយកាត់បន្ថយរបាំងមិនចាំបាច់ ។


ឯកឧត្តមស្នើឲ្យភាគីពាក់ព័ន្ធសហការជាមួយក្រសួងទេសចរណ៍ ជំរុញទេសចរក្នុងស្រុកឲ្យកាន់តែខ្លាំងដើម្បីបង្កើនភាពរឹងមាំនៃវិស័យទេសចរណ៍កម្ពុជា ,ស្នើឲ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍កាត់បន្ថយថ្លៃកញ្ចប់ទស្សនកិច្ចជូនទេសចរជាតិ និងអន្តរជាតិ ,ជំរុញការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំរុញការផលិតស្ប៉តវីដេអូ និងយុទ្ធនាការអប់រំ បង្ការ ទប់ស្កាត់ និងចាត់វិធានការដោះស្រាយបញ្ហាវីរុសកូរ៉ូណាដោយសមស្រប ស្នើឱ្យបុគ្គលិក និងម្ចាស់អាជីវកម្មត្រូវយោគយល់គ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយ បញ្ហាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង