ការអនុញ្ញាតឲ្យនាវាទេសចរណ៍ចូលនេះ គឺចង់បង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ
ភ្នំពេញ៖ ខណៈនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង ២ ២០០នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន ៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ។
ពាក់ព័ន្ធបញ្ហានេះក៏មានសំណួរលើកឡើងថា ហេតុអ្វីកម្ពុជាឲ្យកប៉ាល់មួយនេះចូលចត? ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។ យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួល កម្ពុជាទទួល កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ» នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19 នោះទេ ៕ អរគុណសន្តិភាព