Detail Top Banner

អាជ្ញាធរខេត្តកំពង់ចាម បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បន្ថែមនៅឆ្នេរខ្សាច់កោះប៉ែន

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បន្ថែមនៅឆ្នេរខ្សាច់កោះប៉ែន និងឈានទៅរៀបចំមហាសង្រ្កាន្តធំប្រចាំខេត្ត ដើម្បីបង្កើនទំនុកចិត្តនិងសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ ២០២០ខាងមុខនេះ។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៏ខេត្តកំពង់ចាម បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អាជ្ញាធរខេត្តបានកំណត់យកតំបន់ឆ្នេរកោះប៉ែន ជាកន្លែងសំរាប់រៀបចំព្រឹត្តិការណ៍មហាសង្រា្តន្តធំប្រចាំខេត្ត ដែលប្រព្រឹត្តិឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានរយះពេល៣ថ្ងៃ ដោយរៀបចំឲ្យមានការបាញ់កាំជ្រួច ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្តបែបប្រពៃណីខ្មែរ និងមានដាក់ពាក្យស្លោកថា«មេគង្គកំពង់ចាម សង្រ្កាន្តកោះប៉ែន» ។
លោកបានបន្ថែមទៀតថា មន្ទីរបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះអប់រំណែនាំជាប្រចាំ អំពីបញ្ហាតំលៃម្ហូបអាហារ អនាម័យបរិស្ថាន ពង្រឹងសន្តិសុខ បង្កើនសុវត្ថិភាព កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឬស្នោរ ។ ចំពោះសំរាមត្រូវបានប្រមូលដុតនៅក្នុងឡបរិស្ថាន ដែលនេះជាធាតុចូលដ៏សំខាន់ សំរាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការមកចូលរួមព្រឹត្តិការណ៍មហាសង្រា្កន្តប្រចាំខេត្តនាពេលមុខនេះ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ។


សំឡេង ៖ យើងនឹងមានរៀបចំជាសង្ក្រាន្តនៅខាងឆ្នេរខ្សាច់កោះប៉ែន ហើយដោយឡែកតំបន់ដែលមានស្រាប់នេះ យើងគ្រាន់តែពង្រឹងបន្ថែមទៅលើសេវាកម្មម្ហូបអាហារ និងសេវាកម្មទាំងអស់ យើងពង្រឹងបន្ថែម សម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើដំណើរមកពិធីបុណ្យនេះ ហើយជាមួយគ្នានេះ យើងក៏សូមជំរាបជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិថា ជុំវិញបញ្ហាសន្តិសុខ ទាំងផ្លូវចេញចូល គឺមានសុខសន្តិភាពគ្រប់គ្រាន់ ហើយបញ្ហាចំណីអាហារនេះគឺមន្ទីរពង្រឹងបន្ថែមទៅលើតម្លៃ មិនត្រូវយកថ្លៃហួសហេតុពេកទេ ហើយជុំវិញបញ្ហាការងារសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យ ក៏ដូចជារៀងរាល់ពិធីបុណ្យផ្សេងៗមិនថាតែបុណ្យជាតិនិងអន្តរជាតិសំខាន់ៗទេ គឺរៀងរាល់ថ្ងៃសៅរ៍ អាទិត្យក៏យើងមានការពង្រឹងបន្ថែមទៅលើបញ្ហាទាំងអស់នេះដែរ ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្ននេះឆ្នេរខ្សាច់កោះប៉ែន បានរៀបចំតុបតែងកែលម្អ មានដូចជាការរចនាផ្ទាំងរូបប្លែកៗ ដែលជាការច្នៃប្រឌិតដោយក្រុមអ្នកជំនាញ ភ្លើងពណ៌បំភ្លឺនាពេលរាត្រី កន្លែងលក់ម្ហូបអាហារ គ្រែប្រក់ដំបូលស្បូវ ដើម្បីបង្កើតជាម្លប់ត្រជាក់ បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវ ដែលមកលំហែលេងកម្សាន្តក្នុងខេត្ត ។
ដោយឡែកលោកស្រី ផារ័ត្ន ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បាននិយាយថា គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលអាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ លើការស្ថាបនា កែលម្អ និងពង្រឹងសន្តិសុខជាប្រចាំនៅតំបន់ឆ្នេរកោះប៉ែន ជាពិសេសតែងតែព្យាយាមរិះរកបង្កើតអ្វីដែលថ្មី ប្លែក សំរាប់ប្រជាជនក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរផងដែរ ។


សំឡេងលោកស្រី ផារ័ត្ន ៖ សំរាប់ខ្ញុំគឺមានអារម្មណ៍សប្បាយចិត្តខ្លាំងដោយសារតែគឺមានវិធានការក្នុងការណែនាំទៅដល់អាជីវករនៅទីនោះ ឲ្យគាត់លក់ឲ្យមានអនាម័យតំលៃសមរម្យ ជាពិសេសគឺការគ្រប់គ្រងសំរាម ហើយបើសិនជានៅពេលយប់វិញគឺមានការដាក់ភ្លឺបំភ្លឺ ចំណតរថយន្តមានសុវត្ថិភាព សណ្តាប់ធ្នាប់ទាំងអស់ ចឹងនៅពេលដែលបងប្អូនប្រជាពលរដ្ឋយើងទៅលេងគឺមានអារម្មណ៍ថាកក់ក្តៅ ហើយការរៀបចំតាមឆ្នេរខ្សាច់គឺអនាម័យជាចំបង គឺមិនមានសំរាម ទឹកស្អាតល្អ ចឹងខ្ញុំពិតជាគាំទ្រទៅលើចំណាត់ការរបស់មន្ទីរទេសចរណ៍ដែលបានចុះរៀបចំការងារនេះ ។
សូមបញ្ជាក់ថា ឆ្នេរខ្សាច់កោះប៉ែន មានទីតាំងស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានចំងាយប្រហែល​៣គីឡូម៉ែត្រ​ពីទីរួមខេត្ត ហើយអាចធ្វើដំណើរតាម ប្រឌើសឫស្សីដោយថ្មើរជើង ឬក៏ជិះរថយន្តឆ្លងកាត់ស្ពានបេតុងកោះប៉ែន ដោយបើកវាងចូលមកក្បាលកោះប៉ែនវិញ ៕

អត្ថបទដែលជាប់ទាក់ទង