មន្ត្រីពេទ្យយោធាសរុប ១ ២០០នាក់បន្ថែមទៀត ត្រូវបានបញ្ជូន និងធ្វើដំណើរទៅដល់ទីក្រុងវូហាន (Wuhan)
ប៉េកាំង៖ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរទីក្រុងប៉េកាំងបានអះអាងថា មន្ត្រីពេទ្យយោធាសរុប ១ ២០០នាក់បន្ថែមទៀត ត្រូវបានបញ្ជូន និងធ្វើដំណើរទៅដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei)ហើយ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈបុគ្គលិកពេទ្យរាប់ម៉ឺននាក់កំពុងស្ថិតនៅទីនោះស្រាប់។
គួររំលឹកដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ចិនបានសម្រេចបញ្ជូនមន្ត្រីពេទ្យយោធាសរុប ២ ៦០០នាក់ ទៅកាន់ទីក្រុង Wuhan ដែលជាចំណុចផ្ទុះដំបូង និងធ្ងន់ធ្ងរបំផុតនៃវីរុស COVID-19 ហើយមន្ត្រីពេទ្យសរុប ១ ៤០០នាក់ ត្រូវបានបញ្ជូនទៅមុនរួចទៅហើយ នៅថ្ងៃដដែល មន្ត្រីពេទ្យទាំងនេះ នឹងត្រូវដាក់ឲ្យបម្រើការងារ នៅក្នុងមន្ទីរពេទ្យ ថៃកាង ថុងជី (Taikang Tongji) ដើម្បីពិនិត្យរកមើលអ្នកឆ្លងវីរុស COVID-19 ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមជំនាញអន្តរជាតិដឹកនាំដោយអង្គការ សុខភាពពិភពលោក WHO ក៏បានទៅដល់រដ្ឋធានីប៉េកាំង នៃប្រទេសចិនផងដែរ ដើម្បីចាប់ផ្តើមសហការការងារជាមួយក្រុមជំនាញចិន ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី ឬ COVID-19។
ចំណែកឯតួនាទីរបស់ក្រុមជំនាញអន្តរជាតិ WHO មកកាន់ប្រទេសចិនពេលនេះ គឺពួកគេនឹងធ្វើការប្រឹក្សាយោបល់ ទៅលើវិធីសាស្ត្រក្នុងការការពារ និងគ្រប់គ្រងការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិន និងទូទាំងសកលលោកទាំងមូល៕