សម្តេចតេជោ ហ៊ុន សែន មានបំណងរៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរដែលជាប់ក្នុងនាវា MS Westerdam អោយបានស្គាល់បេះដូងមនុស្សធម៌កម្ពុជាពិត

ភ្នំពេញ៖ កាលពីព្រឹកមិញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Ms Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍អោយចតនៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០។

ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើអ្នកទេសចរមួយចំនួនដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ (កូរ៉ូណា)នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតអោយអ្នកទេសចរចំនួន ៥០០នាក់ បានមកស្នាក់នៅ​បណ្តោះអាសន្ននៅសណ្ឋាគារសុខាទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រយន្តហោះចេញពី​កម្ពុជាឆ្ពោះទៅកាន់ប្រទេស​កំណើតពួកគេវិញ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យោបល់អោយ សាលាក្រុងភ្នំពេញ​សហការជាមួយក្រសួង​សុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំរថយន្តដឹកអ្នកទេសចរ​ដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញបា​នទស្សនា​រាជធានីភ្នំពេញ ដែលល្អប្រសើរជាងទុកពួកគេអោយរស់នៅតែក្នុងបន្ទប់​សណ្ឋាគារពោរពេញដោយអារម្មណ៍តប់ប្រម៉ល់​ភ័យខ្លាច ដែលពួកគេអាចយកពេលវេលារង់ចាំនេះ បានលំហែអារម្មណ៍សប្បាយរីករាយនៅក្នុងរាជធានីភ្នំពេញ ហើយបានស្គាល់ប្រទេសនិងប្រជាពលរដ្ឋខ្មែរយើងកាន់តែច្រើនថែមទៀត។

ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជាចំពោះភ្ញៀវទេសចរទាំងអស់ មកពីនាវា MS Westerdam សម្តេចតេជោ ហ៊ុន សែន មានបំណងនឹងរៀបចំពិធីជប់លៀងជូនពួកគេទៀតផង ហើយសម្តេច​តេជោ ក៏គ្រោងនឹងអញ្ជើញមន្រ្តីតំណាងទូតនៃប្រទេសនីមួយ​ដែលមានពលរដ្ឋរបស់ខ្លួន​កំពុងជាប់នៅកម្ពុជា ក្នុងនាវា​ទេសចរណ៍នេះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗ​ដើម្បីជួយពលរដ្ឋខ្លួន​អោយឆាប់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

ពិតណាស់ ចំពោះនាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាព​ក្នុងទឹកដីកម្ពុជាហើយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់ណាស់ថា បើសាម៉ីប្រទេសគេ​មិនទទួលខុសត្រូវទេ គឺកម្ពុជា នឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ៕

 

អត្ថបទដែលជាប់ទាក់ទង