អារ៉ាប៊ីសាអូឌីត ប្រកាសជួយបណ្តុះបណ្តាលមន្រ្ដីក្រសួងព័ត៌មានលើជំនាញផ្នែកសារព័ត៌មាន

ភ្នំពេញ៖ បន្ទាប់ពីមានសំណើពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកអគ្គរាជទូតប្រទេសអារ៉ាប់ប៊ីសាអូឌីត បាន​ប្រកាសយល់​ព្រម​ជួយបណ្តុះ​បណ្តាលជំនាញផ្នែកសារព័ត៌មានដល់មន្ត្រីនៅក្នុងក្រសួងព័ត៌មាន ដើម្បីបង្កើន​សមត្ថ​ភាព​លើជំនាញ​សារព័ត៌មានឱ្យបានកាន់តែរឹងមាំថែមទៀត។

នេះបើ​តាការ​បញ្ជាក់ឱ្យដឹងពី​ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង​ព័ត៌មាន បន្ទាប់​ពីជំនួប​រវាងឯកឧត្តម Saud Fahd Al-Suwailem ឯកអគ្គរាជទូត នៃព្រះរា​ជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេស​វៀតណាម ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ ឯកឧត្តម Saud Fahd Al-Suwailem បានវាយតម្លៃខ្ពស់ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលបានបើកឱកាស និងមិនអើសអើងក្នុងការគោរពសាសនា ដោយគ្មានការរើសអើង​ពូជសាសន៍ ឬជំនឿ សាសនា ហើយអារ៉ាប៊ីសាអូឌីត នឹងធ្វើការពង្រឹងកិច្ចសហប្រតិបតិ្ត​ការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្ដមបានបញ្ជាក់ថា គោលបំណង​របស់អារ៉ាប៊ីសាអូឌីត គឺចង់ឃើញពិភពលោកមានសន្តិភាព ហើយរាល់ជំនួយ​របស់​អារ៉ាប៊ីសា​អូឌីត គឺក្នុងភាពជាមនុស្សធម៌ និងឆន្ទៈរបស់អារ៉ាប៊ីសាអូឌីត គឺចង់ធ្វើទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្ដិការ​ជាច្រើន​ ជាមួយ​កម្ពុជាលើវិស័យនានា ទាំងផ្នែកទេចរណ៍ សេដ្ឋកិច្ច វប្បធម៌ និងព័ត៌មាន​ផងដែរ។

ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានស្នើឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយសម្របសម្រួល និងគាំទ្រ​នូវការចុះ​អនុស្សរណៈ​យោគយល់គ្នា រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយទីភ្នាក់ងារសារព័ត៌មាន​អារ៉ាប៊ីសាអូឌីត​ក្នុងគោលបំណងផ្លាស់ប្តូរសារព័ត៌មាននៃប្រទេសទាំង ពីរក៏ដូចជាការលើកកម្ពស់ការយល់ដឹងរវាង​ប្រជាពលរដ្ឋ​នៃ ប្រទេសទាំងពីរ​ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ បានឯកភាពចំពោះសំណើរនេះ និងបាន​ស្នើភាគីអារ៉ាប៊ីសាអូឌីត អាចពង្រីក​កិច្ច​សហប្រតិបត្តិការនេះ ជាមួយទូរទស្សន៍ជាតិកម្ពុជា និង ស្នើសុំឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ជួយបណ្តុះបណ្តាល​ធនធានមនុស្សផ្នែកវិស័យសារព័ត៌មាន ពិសេសអ្នកចេះភាសាអារ៉ាប់ ដើម្បីធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយភាសាអារ៉ាប់ នៅកម្ពុជា បាន​កាន់តែទូលំទូលាយថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា​គឺមានវិទ្យុ​ផ្សាយ​​ជាភាសាចាម នៅក្នុងរាជធានីភ្នំពេញ និង​បណ្តាខេត្តមួយចំនួន ហើយក៏បន្ដ​ពង្រីកការផ្សាយ​នៅតាមបណ្ដាខេត្ដ​មួយ​ចំនួនទៀត។

ចំពោះសំណើសុំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម Saud Fahd Al-Suwailem បានឆ្លើយតបថា អារ៉ាប៊ីសាអូឌីត ​នឹងទទួលយកសំណើពីឯកឧត្ដមរដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​ដើម្បីជួយធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើវិស័យសារព័ត៌មានដល់មន្ត្រីក្រសួងព័ត៌មាន ហើយជាងនេះទៀតមិនត្រឹមតែអ្នកចេះជំនាញភាសា អារ៉ាប់ទេ​គឺបណ្តុះ​បណ្តាលជំនាញផ្នែកសារព័ត៌មានទាំងមូលតែម្តង។ ទាក់ទិននឹងការរៀបចំនីតិវិធី និងដំណើរ​ការនៃចុះ​អនុស្សរណៈ​យោគយល់គ្នា ក៏ដូចជាការបញ្ជូនមន្ត្រីដើម្បីទៅធ្វើការ បណ្តុះបណ្តាល​នៅប្រទេសអារ៉ាប៊ីសាអូឌីតនោះ​ភាគីទាំងពី​បាន​ឯកភាពប្រគល់ជូនក្រុមការងារជំនាញនៃប្រទេសទាំងពីរធ្វើកិច្ចការងារនេះ។

ឯកឧត្ដមឯកអគ្គរាជទូតបានបន្ថែមថា អារ៉ាប៊ីសាអូឌីតនៅតែបន្តក្នុងការគាំទ្រ និងផ្តល់​ជំនួយផ្សេងៗក៏ដូចជាបច្ចេកទេស​ផ្សេងៗដល់ក្រសួងព័ត៌មាន បើសិនក្រសួងត្រូវការនោះ។

សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ ​មាននិស្សិតកម្ពុជា ៨៥នាក់ ​បាន​និងកំពុងសិក្សា និងស្នាក់នៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់សិក្សាគ្រប់ជំនាញ​ទាំង​អស់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង