Detail Top Banner

អត្តពលិកទ្រីយ៉ាត្លុងកម្ពុជា ត្រៀមចេញទៅប្រកួត Asian Cup នៅថៃ

ភ្នំពេញ៖ អត្តពលិកកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្កើនការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍ Triathlon Asian Cup ប្រចាំឆ្នាំ២០២០ នៅខេត្ត រ៉ាកយ៉ង ប្រទេសថៃ ដែលគ្រោងនឹងដំណើរការ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍អន្តរជាតិនេះ មានកីឡាករ កីឡាការិនីចូលរួមច្រើនជាង ១០ប្រទេស។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។

លោកបានបញ្ជាក់ថា ប្រតិភូកីឡាទ្រីយ៉ាត្លុងកម្ពុជា មានចំនួន ៧នាក់ រួមមាន៖ លោក ចេង ចាន់ដារ៉ា ប្រតិភូ លោក អៀ តារា គ្រូបង្វឹក និងកីឡាករមាន៖ -អ៊ួង លីម៉េង -សុខ សំណាង និងចេង សុវណ្ណបញ្ញាសិដ្ឋ រីឯកីឡាការិនីមាន ២នាក់ គឺ កីឡាការិនី ហ៊ោ ធីតា និងកីឡាការិនី ផល ស្រីភួង។ សម្រាប់ការស្នាក់នៅនិងម្ហូបអាហារ គឺភាគីម្ចាស់ផ្ទះថៃ ជាអ្នកជួយចេញ ហើយក្រសួងអប់រំ យុវជន និងកីឡា បានជួយឧបត្ថម្ភប្រាក់ តាមគោលការណ៍ ក្នុង១ថ្ងៃ ២០ដុល្លារ សហរដ្ឋអាមេរិក។ រីឯសោរហ៊ុយធ្វើដំណើរដោយរថយន្ត ជួសជុលសម្ភារៈប្រកួត និងចំណាយផ្សេងៗ គឺជាការ​ចំណាយ​របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។

លោកអះអាងថា ដំបូងសហព័ន្ធគ្រោងលុបចោលមិនចូលរួមទេ ដោយខ្លាចវីរុសកូរ៉ូណាថ្មី ដែលកំពុងបង្កក្តីព្រួយបារម្ភ នៅលើពិភពលោក ប៉ុន្តែក្រោយមកទើបសម្រេចចិត្តយកគំរូតាម សម្តេចតេជោ ហ៊ុន សែន ដែលមិនខ្លាចនឹងជំងឺនេះ និងដើម្បីបំបាត់ការភ័យខ្លាចរបស់យើង។

លោក ងិន​ សុខបញ្ញា បញ្ជាក់ថា ការចេញទៅប្រកួតលក្ខណៈអន្តរជាតិ នឹងជួយជំរុញបន្ថែម ដល់គុណភាព បច្ចេកទេស របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគោលដៅ បង្កើនការ​អភិវឌ្ឍ​រយៈពេលវែង ដែលព្រះរាជាណាចក្រកម្ពុជាកំពុងរៀបចំផែនការអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង