«ថៃ ខាង» គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) អភិបាលខេត្តបានឲ្យផ្អាក
ខេត្តព្រះសីហនុ៖ ក្រោយរកឃើញថាមន្ទីរពេទ្យរបស់ជនជាតិចិនមួយ ដែលមានឈ្មោះថា «ថៃ ខាង» គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ដែលនាំឲ្យមានភាពចលាចលដល់សង្គម អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមន្ទីរពេទ្យមួយនេះ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា កាលពីកំឡុងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យខាងលើនេះ ដោយមិនមានអាការៈក្តៅខ្លួននោះទេ ពេលគ្រូពេទ្យមន្ទីរពេទ្យនេះពិនិត្យ បានសង្ស័យថា មានវីរុសកូរ៉ូណា។ ក្រោយពីទទួលដំណឹងនេះ លោកបានសម្រេចយកសំណាករបស់ជនជាតិចិន ដែលសង្ស័យនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលជនជាតិចិនរូបនោះ មិនមានវីរុសកូរ៉ូណានោះទេ ។
លោក គួច ចំរើន បន្តថា លុះប៉ុន្មានថ្ងៃក្រោយមកទៀត ជនជាតិចិនដដែលរូបនោះ បានទៅគ្រូពេទ្យនៅមន្ទីរពេទ្យ «ថៃ ខាង» ពិនិត្យជាថ្មីម្ដងទៀត មន្ទីរពេទ្យនេះនៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណា។ ដោយមិនអស់ចិត្តឈ្មោះ Su YongYun បានមកពិនិត្យនៅមន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាក របស់ឈ្មោះនេះទៅពិនិត្យជាថ្មីម្តងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលបញ្ជាក់ថា គ្មានវីរុសកូរ៉ូណា ដដែល។
លោក គួច ចំរើន បញ្ជាក់ថា ដោយសារតែការបំភ្លៃព័ត៌មាននេះ បានធ្វើឲ្យមានការចលាចល តៗគ្នា ហើយប្រសិនបើកអ្នកជំងឺនោះមានកូរ៉ូណាពិតមែន ហេតុអ្វីមិនព្រមទុកអ្នកជំងឺនោះនៅដាច់តែឯង ដើម្បីតាមដានរយៈពេល ១៤ថ្ងៃសិន បែរជាបណ្តោយឲ្យអ្នកជំងឺ ដើរពាសវាលពាសកាលបែបនេះ ជាមួយគ្នានេះដែរ ការបើកមន្ទីរពេទ្យ «ថៃ ខាង» នេះ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលផងនោះ ទើបអាជ្ញាធរសម្រេចបិទមន្ទីរពេទ្យនេះ តែម្តង៕