កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់អនុគម្រោងកែលម្អទីលានគ្រប់គ្រងសំណល់រឹងក្រុងកែប

នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់អនុគម្រោងកែលម្អ ទីលានគ្រប់គ្រងសំណល់រឹង ក្រុងកែប នៅលើផ្ទៃដី ទំហំ ១៣,៣៩ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន។


កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកែប មន្ទីរបរិស្ថានខេត្តកែប តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន សរុបចំនួន ៣៤នាក់។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- អង្គប្រជុំ គាំទ្រទៅលើអនុគម្រោងកែលម្អទីលានគ្របគ្រងសំណល់រឹងក្រុងកែប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
២- ម្ចាស់គម្រោង ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ
៣- ម្ចាស់គម្រោង ត្រូវបញ្ជាក់ឱ្យច្បាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម ព្រោះគម្រោងនេះ ជាទីលានគ្រប់គ្រងសំណល់រឹង ដោយមិនបញ្ចូលការគ្រប់គ្រងសំណល់ឧស្សាកម្មទេ៕

អត្ថបទដែលជាប់ទាក់ទង