មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវខិតខំបំពេញការងារអនុវត្តគម្រោងនានារបស់មន្ទីរអភិវឌ្ឍន៏ឲ្យមានប្រសិទ្ធិភាពខ្ពស់
ខេត្តឧត្តរមានជ័យ៖ ឯកឧត្ដម បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ ដល់មន្ទីរ អង្គភាព អាជ្ញាធរ និងអង្គការដៃគូក្នុងខេត្ត នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលកិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើង ក្នុងសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
បើតាមរបាយការណ៍ របស់លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ដែលទទួលបាននូវសមិទ្ធផលជាច្រើនមានដូចជា ផ្លូវថ្នល់ ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលក្រួសក្រហម ផ្លូវដីស ស្ពាន ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យ រួចមក។
ឯកឧត្តម បណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា មន្ទីរអភិវឌ្ឍន៍ជនបទ បានរួមចំណែកយ៉ាងសកម្ម ក្នុងសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅ នៃចក្ខុវិស័យតាមកម្មវិធីអភិវឌ្ឍជនបទចម្រុះ ធ្វើឲ្យសម្រេចបាន នូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើន ជំរុញឲ្យមានការផ្លាស់ប្តូរ ជីវភាពរស់នៅដោយផ្ទាល់ របស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ជាងនេះទៅទៀត ជនបទបច្ចុប្បន្ន មានលំនៅដ្ឋានសមរម្យ មានចរន្តអគ្គិសនី ទឹកស្អាត បង្គន់អនាម័យ ផ្លូវគមនាគមន៍ ប្រព័ន្ធព័ត៌មានវិទ្យាកាន់តែសម្បូរបែប ដែលកំពុងនាំមកនូវរបៀបរស់នៅ ដែលមានលក្ខណៈកាន់តែស៊ីវីល័យ ប្រហាក់ប្រហែល នឹងទីប្រជុំជនដែរ។
ឯកឧត្តមបន្តទៀតថា លទ្ធផលដែលបានសម្រេចក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺពិតជាបានមកពីខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយភាពម្ចាស់ការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទជាពិសេសការដឹកនាំ ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងនាយកដ្ឋានជំនាញរបស់ក្រសួង ដែលបានបង្កគ្រប់លក្ខណៈសម្បត្តិងាយស្រួលទាំងស្មារតី សម្ភារៈ និងថវិកាជាប្រភពទុនដ៏សំខាន់អាចឲ្យមន្ទីរធ្វើការអភិវឌ្ឍនៅមូលដ្ឋានបានល្អប្រសើរតាមផែនការដែលបានគ្រោងទុក។
ក្នុងស្មារតីខាងលើនេះ ក្រសួង បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជនបទឆ្នាំ២០១៩-២០២៣ ដោយផ្តោតជាសំខាន់លើ ១. ពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ២. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ៣. លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ និង៤. ធ្វើពិព្រិត្តកម្មសកម្មភាពសេដ្ឋកិច្ច នៅតំបន់ជនបទ។
ឯកឧត្ដម បណ្ឌិត សៅ ជីវ័ន្ត បានមានប្រសាសន៏ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការខិតខំអនុវត្តការងារ នៅតាមមូលដ្ឋានផ្ទាល់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍខេត្ត ដែលធ្វើឲ្យខេត្ត អាចសម្រេចបានជោគជ័យល្អប្រសើរ សម្រាប់ឆ្នាំកន្លងទៅនេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ៕