មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលាបង្ហាញកសិដ្ឋានបែបទំនើបនៅខេត្ត
ខេត្តកំពង់ឆ្នាំង៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងវិទ្យាស្ថានប្រាយហូប បានរៀបចំសិក្ខាសាលា ដើម្បីបង្ហាញកសិដ្ឋានបែបទំនើបនៅក្នុងខេត្ដ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភា និងលោក សេង ស៊ិន្ថារ នាយកវិទ្យាស្ថានប្រាយហូប សិក្ខាសាលានេះ បានប្រារព្ធទៅនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្តម អ៊ឹង លាងហ៊ួរ បានមានប្រសាសន៍ថា ការរៀបចំទិវាបង្ហាញកសិដ្ឋាននេះមានគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពីកសិកម្មតាមបែបទំនើប ដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងកម្មវិធីរបស់ខេត្តកំពង់ឆ្នាំង ក្រុមហ៊ុនអេប៊ីនអេន៍ វិទ្យាស្ថានប្រាយហូប បានសហការគ្នារៀបចំទិវាបង្ហាញកសិកម្មតាមបែបទំនើប នៅកសិដ្ឋានស្រាវជ្រាវពិសោធន៍កសិកម្ម។ ឯកឧត្ដមបានបញ្ជាក់ថា កម្មវិធីនេះក៏ចូលរួមផ្សព្វផ្សាយបង្ហាញបទពិសោធន៍ បច្ចេកទេសដាំបន្លែតាមបែបទំនើប ប្រព័ន្ធស្រោចស្រពតំណក់ទឹក ការស្រោចស្រពដោយប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ និងឧបករណ៍កសិកម្មសំខាន់ៗ។ ជាមួយគ្នានេះ កម្មវិធីនេះ ក៏បានបង្កើតឱ្យមានការជួបជុំ អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម ក្រុមហ៊ុន ដេប៉ូ កសិដ្ឋាន និងអ្នកទិញផលិតផលកសិកម្ម ដើម្បីដាក់តាំងបង្ហាញ លក់ផលិតផល និងទំនាក់ទំនង ពិភាក្សាពីការធ្វើអាជីវកម្ម-កសិកម្ម ជាមួយគ្នានាពេលអនាគត។
ឯកឧត្ដមបានលើកឡើងថា ចំពោះគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនកសិកម្ម កសិដ្ឋានធំៗ ក៏អាចជួបជាមួយប្រធានក្រុមហ៊ុន អេហ្គ្រីនអេន ដើម្បីពិគ្រោះយោបល់ពីការសហការគ្នា ដើម្បីបង្កើតកសិដ្ឋានបង្ហាញតាមបែបទំនើបពីការធ្វើអាជីវកម្ម-កសិកម្ម។ ឯកឧត្តមបានបន្ដថា នេះគឺជាការបង្ហាញទស្សនវិស័យ និងគោលនយោបាយស្តីពីការលើកកម្ពស់វិស័យកសិកម្មកម្ពុជា ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដូចដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដោយសង្កត់លើការតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តក៏បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការតាមរយៈផ្លូវមួយ ខ្សែក្រវាត់មួយ ពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងអនាគតទាំងអស់គ្នា។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង ទាំងមូលមានប្រជាជនប្រមាណ ៨៥ភាគរយ បានប្រកបរបរកសិកម្ម (ផលិតស្រូវ) ហើយទីតាំងភូមិសាស្ត្រខេត្ត ជាតំបន់ដែលមានសក្តានុពលបំផុតលើដំណាំស្រូវសរីរាង្គ ដោយមានការទទួលស្គាល់ ពីក្រុមហ៊ុនជាតិ និងអន្តរជាតិ ដោយឡែកដំណាំរួមផ្សំជាកត្តាសំខាន់សម្រាប់បងប្អូន ប្រជាពលរដ្ឋ ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឯកឧត្តមក៏បានសំណូមពរឱ្យអង្គការជាដៃគូ បន្តជួយលើកកម្ពស់ការអនុវត្តកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែងបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព៕