អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ !
កាលពីឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានរីងទឹកនារដូវប្រាំង នៅពេលនោះ មានសំណួរ២ ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១. តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក ? ២.តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី ?
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លើកឡើងថា តាមរយៈការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ផ្នែកបុរាណវិទ្យា ឯកសារផ្សេងៗ និងនៅលើការដ្ឋានផ្ទាល់យើងបានរកឃើញថា រាល់គ្រឹះប្រាសាទតែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដី ព្រោះទឹកក្រោមដីបានជួយស្រទាប់ខ្សាច់ឱ្យរឹងមាំ និងទ្រទ្រង់គ្រឹះប្រាសាទដែលមានទម្ងន់ដ៏មហិមា ។
បន្ទាប់ពីសិក្សាស្វែងយល់អំពីតួនាទីដ៏មានសំខាន់របស់ទឹក នៅក្នុងឆ្នាំ២០០៥ នាយកដ្ឋានគ្រប់គ្រងទឹក ដែលពេលនោះគ្រប់គ្រងផ្ទាល់ដោយឯកឧត្តម បានសម្រេចស្ដារប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរឡើងវិញមានដូចជានៅប្រាសាទអង្គរវត្ត ស្រះស្រង់ បន្ទាប់មកឆ្នាំ២០០៧ ចាប់ស្ដារបារាយណ៍ខាងជើង ។ បន្ទាប់មកទៀតយើងក៏បានធ្វើការស្ដារឡើងវិញនូវប្រឡាយ និងទំនប់ជាច្រើនដែលមានប្រវែងសរុបជាង ៥២គីឡូម៉ែត្រ រួមទាំងទ្វារទឹកជាច្រើនទៀត។ ចាប់ពីពេលនោះមក បារាយណ៍ខាងជើងចាប់ផ្តើមមានទឹកឡើងវិញ ក្រោយពីរីងគោកគ្មានទឹក និងបាត់បង់តួនាទីជាង ៥០០ឆ្នាំកន្លងមកនោះ។
ទន្ទឹមនឹងនេះ បារាយណ៍ និងប្រព័ន្ធប្រឡាយទឹកផ្សេងៗក៏ចាប់ផ្តើមស្ដារឡើងវិញធ្វើឱ្យទឹកក្នុងរមណីយដ្ឋានអង្គរ ដូចជាបារាយណ៍ខាងជើង កសិន្ធុប្រាសាទអង្គរវត្ត កសិន្ធុក្រុងអង្គរធំ ស្រះស្រង់ជាដើម មានប្រព័ន្ធបញ្ចូលទឹកឡើងវិញ និងអាចរក្សាទឹកបានទាំងខួបប្រាំងខួបវស្សា។ លើសពីនេះទៀត ការធ្វើឲ្យប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរមានជីវិតឡើងវិញបានធ្វើឲ្យរមណីយដ្ឋានអង្គរលែងប្រឈមនឹងការខ្វះខាតទឹកធានាបានគ្រប់គ្រាន់ទឹកសម្រាប់ទ្រគ្រឹះប្រាសាទនារដូវប្រាំង ព្រមទាំងបញ្ជៀសបាននូវបញ្ហាទឹកជំនន់ទៀតផងចាប់ពីឆ្នាំ២០១២មក ។
ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា អ្វីដែលយើងសម្រេចបាននាពេលនេះគឺគ្រាន់តែយកប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរដែលមានស្រាប់ដែលបន្សល់ពីបុព្វបុរសខ្មែរ មកធ្វើឱ្យវារស់ឡើងវិញតែប៉ុណ្ណោះ ដែលចំណុចទាំងនេះហើយ ត្រូវបានអង្គការយូណេស្កូ ក៏ដូចជាអន្ដរជាតិឱ្យតម្លៃដល់កម្ពុជា និងតែងតែអញ្ជើញអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអោយទៅចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសំណង់បុរាណ ការគ្រប់គ្រងទឹកដល់ស្ថាប័នអន្តរជាតិផ្សេងៗទៀតលើសាកលលោក ។
សូមជម្រាបជូនថា ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីរាប់បាត្រអបអរសាទរខួប ២៥ឆ្នាំ(១៩កុម្ភ: ១៩៩៥ – ១៩កុម្ភ: ២០២០) នៃថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០កន្លងមក៕ អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន