សាកលវិទ្យាល័យ អន្តរជាតិ ​បើក​កម្មវិធី​សិក្ខា​សាលា​ស្តីពី​ភាព​ជោគ​ជ័យ​នៃឧស្សាហកម្ម​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ មហា​វិទ្យាល័យ​ឱស​ថសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ មាន​បើក​កម្មវិធី​សិក្ខា​សាលា​ស្តីពី​ភាព​ជោគ​ជ័យ​នៃឧស្សាហកម្ម​ឱសថ ​នៅក្នុង​ប្រទេស​កម្ពុជា ក្រោមអធិបតីភាព ឯក​ឧត្តម​សាស្ត្រា​ចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកល​វិទ្យា​ធិការ​សា​កល​វិទ្យា​ល័យ អន្តរជាតិ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្រ្តាចារ្យជំនួយ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពីឱសថការី​តំណាង​រោង​ចក្រ​ផលិត​ឱសថ IPF និង ក្រុមហ៊ុន Sanofi Cambodia Co., Ltd ព្រមទាំងនិស្សិតឱសថសាស្រ្តប្រមាណជាង ៥០០នាក់ ។

សាស្រ្តាចារ្យជំនួយ សុខ វណ្ណា មានប្រសាសន៍ថា ការបើកឲ្យមានសិក្ខា​សាលា​ស្តីពី​ភាព​ជោគ​ជ័យ​នៃឧស្សាហកម្ម​ឱសថសាស្ត្រនេះ គឺលើកទី ៨ហើយ លើកនេះមាននិស្សិតជាង ៥០០នាក់ នេះជាទំលាប់ ​នៃនិស្សិតមហា​វិទ្យាល័យ​ឱស​ថសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានរៀនចប់ហើយ តែងតែបើកសិក្ខា​សាលា​នេះឡើងដើម្បីផ្តល់បទពិសោធន៍ និងចំនេះវិជ្ជា ដល់ប្អូនៗ​ និស្សិតជំនាន់ក្រោយ ជាពិសេសជាការំលឹកដល់គុណគ្រូជាសាស្ត្រាចារ្យ។

ឯក​ឧត្តម​សាស្ត្រា​ចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកល​វិទ្យា​ធិការ​សា​កល​វិទ្យា​ល័យ អន្តរជាតិ បានលើកឡើងក្នុងអង្គសិក្ខាសាលាថា គោលបំណងសិក្ខា​សាលានេះគឺ បង្កើតឲ្យមានអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ ឱសថសាស្ត្រ ការមកជួបជុំគ្នា ក៏ជាការផ្លាស់ប្តូរនិងចែករំលែកនូវបទពិសោធន៍ និងជាការស្រាវជ្រាវពាក់ព័ន្ធថ្នាក់ជាតិ ក្នុងតំបន់ និងសកល សំដៅលើកកំពស់គុណភាពវិស័យសុខាភិបាល និងការស្រាវជ្រាវផ្នែកឱសថគ្រប់ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង