បុកហើយបើករត់ មន្ត្រីយោធាចិត្តក្តៅ ដកកាំភ្លើងបាញ់បំបែកកង់រថយន្តបង្ក
ភ្នំពេញ៖ មន្តី្រយោធាម្នាក់ ខណៈដែលកំពុងបើករថយន្តទំនើបរបស់ខ្លួន ធ្វើដំណើរសុខៗ ស្រាប់តែមានអ្នកស្រវឹងបើករថយន្តបុកពីក្រោយ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ហើយបើករត់ លុះពេលមន្ត្រីយោធាបើកតាមទាន់ ក៏ដកកាំភ្លើងពីចង្កេះបាញ់បំបែកកង់រថយន្តបង្ក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាមន៍។
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងរវាងរថយន្ត ម៉ាកសឺដែស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-0009 អ្នកបើកបរឈ្មោះ ឡុង ឡងឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរថយន្ត១គ្រឿងទៀតដែលបង្ក ម៉ាកកូរ៉ូឡា ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AS-6421 បើកបរដោយអ្នកស្រវឹងស្រាម្នាក់។
ប្រភពបន្តថា មុនពេលកើតហេតុអ្នកបើកបររថយន្តម៉ាកកូរ៉ូឡា បានបើកទៅបុករថយន្តម៉ាកសឺដែស បណ្ដាលឲ្យរងការខូចខាត ហើយក៏បានបើករត់គេចពីការទទួលខុសត្រូវ ។ លុះអ្នកបើកបររថយន្តសឺដែស បើកដេញតាមទាន់ ក៏ដកកាំភ្លើងបាញ់កង់បំផ្ទុះរថយន្តបង្កតែម្តង បង្កឲ្យមានផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន និងដកហូតកាំភ្លើងម៉ាក ឡុក១ដើម។
ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន និងបុរសជាខ្មាន់កាំភ្លើង រួមទាំងអ្នកបើកបររថយន្តបង្ក ដើម្បីឲ្យធ្វើការដោះស្រាយគ្នា និងចាត់ការតាមនីតិវិធី៕