ប្រទេសកម្ពុជាកំពុងដំណើរការកែច្នៃថាមពលពីពន្លឺព្រះអាទិត្យ
ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងខិតខំព្យាយាមបង្កើនថាមពលអគ្គីសនី ដើម្បីបម្រើសេចក្តីត្រូវការ តាមរយៈថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ដែលគេដឹងថា ជាថាមពលមិនចេះរីងស្ងួត។
ការខិតខំប្រឹងប្រែងនេះត្រូវបានគេដឹងតាមរយៈគម្រោងមួយចំនួន ដែលកំពុងតែដំណើរការ និងកំពុងសិក្សា ខណៈដែលអ្នកជំនាញនៅពេលនេះកំពុងតែខិតខំបង្កើនការស្រូបទាញថាមពលពីពន្លឺព្រះអាទិត្យ ដែលមានកម្លាំងប្រមាណជា ៤១០មេហ្កាវ៉ាត់ តាមផែនការធ្វើពិពិធកម្មប្រភពថាមពល ដោយផ្តោតលើថាមពលបៃតង។យោងតាមរបាយការណ៍ដែលទទួលបានពីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គម្រោងការទាញយកថាមពលពីពន្លឺព្រះអាទិត្យនេះ បានចាប់ផ្តើមតាំងពីគម្រោងមួយដែលមានថាមពលត្រឹមតែ ១០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៨ ហើយឥឡូវនេះ សមត្ថភាពផលិតបានកើនឡើងដល់ ៩០មេហ្កាវ៉ាត់។ ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា គម្រោងកែច្នៃថាមពលពន្លឺព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីនេះ គឺចំនួន ៧ផ្សេងទៀតត្រូវបានអនុម័តហើយរហូតដល់ឆ្នាំ២០២២ ដោយសមត្ថភាពបន្ថែមនឹងមានសរុបរហូតដល់ទៅ ៤១០មេហ្គាវ៉ាត់ ហើយប្រសិនបើគេប្រៀបធៀបជាមួយនឹងថាមពលអគ្គិសនីដែលមានកាលពីឆ្នាំទៅ ពោលគឺឆ្នាំ២០១៩ ដែលមានចំនួន ២.៦៥០មេហ្កាវ៉ាត់ ប្រភពថាមពលពីពន្លឺព្រះអាទិត្យ គឺអាចនឹងមានបរិមាណជិត ២០ភាគរយ។ ឯកឧត្តម វិចទ័រ ហ្សូណា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល បានមានប្រសាសន៍ថា ការស្រូបទាញថាមពលពន្លឺព្រះអាទិត្យមកធ្វើជាថាមពលអគ្គិសនី ត្រូវបានអនុម័តចាប់តាំងពីរាជរដ្ឋាភិបាលព្យាយាមបំពេញតម្រូវការថាមពលសម្រាប់ប្រជាជន និងការអភិវឌ្ឍថ្មីៗ បន្ថែមទៅលើគម្រោងផែនការដែលមានដូចជា ទំនប់វារីអគ្គីសនី រោងចក្រថាមពលដើរដោយធ្យួងថ្ម។
គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន៧ ដែលកំពុងត្រូវបានសាងសង់ និងអនុម័ត គឺកំពុងតែអភិវឌ្ឍនៅខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម បានបញ្ជាក់ថា “នេះគឺជាឱកាសដ៏ល្អមួយ ពីព្រោះថាថាមពលកកើតឡើងវិញគឺជាថាមពលដែលផលិតក្នុងស្រុក ហើយវាមិនសាយភាយការបំពុលដោយផ្ទាល់ទៅលើខ្យល់ ដែលស្របទៅនឹងអ្វីដែលយើងចង់បាន គឺថាមពលបៃតង” ។
ឯកឧត្តមអគ្គនាយក បានបន្ថែមថា រហូតមកដល់ពេលនេះដើម្បីលើកទឹកចិត្តដល់ការវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ រាជរដ្ឋាភិបាលមិនយកពន្ធក្នុងរយៈពេល៩ឆ្នាំ ហើយក្នុងអំឡុងពេលសាងសង់ រាជរដ្ឋាភិបាលមិនយកពន្ធលើការនាំចូលវត្ថុធាតុដើមឡើយ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះយើងមានកន្លែងសង់ស្រូបទាញថាមពលពន្លឺព្រះអាទិត្យ កម្លាំង ១០មេហ្គាវ៉ាត់ នៅបាវិត និងឧទ្យានសូឡា ៨០មេហ្គាវ៉ាត់ ក្នុងខេត្តកំពង់ស្ពឺ ហើយក្នុងកំឡុងពេលសាងសង់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានគិតពន្ធលើវត្ថុធាតុដើមដែលនាំចូលពីខាងក្រៅទេ ដោយសារតែវាជាការលើកទឹកចិត្តវិនិយោគបរទេស។
ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងទៀតថា នៅរដូវប្រាំងព្រះអាទិត្យរះល្អបំផុត ហើយជាទូទៅប្រទេសកម្ពុជាមានពន្លឺព្រះអាទិត្យជិត ៦ម៉ោងក្នុងមួយថ្ងៃ ដែលស្ថិតក្នុងចំណោមប្រទេសដែលមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យខ្ពស់ជាងគេនៅលើពិភពលោក។
ឯកឧត្តម វិចទ័រ ហ្សូណា បានបញ្ជាក់ថា វាជាជំហានវិជ្ជមានក្នុងការបង្កើនចំនួនថាមពលពីថាមពលកកើតឡើងវិញ។ ប្រទេសកម្ពុជាមានសក្តានុពល នៃពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយស្ថិរភាពនយោបាយគឺជាចំណុចល្អប្រសើរដែលធ្វើឱ្យវិនិយោគិនមានទំនុកចិត្ត និងអាចទុកចិត្តបានក្នុងការបញ្ចូលប្រាក់នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថា ពីមុនប្រទេសកម្ពុជាមិនបានកំណត់គោលដៅយកថាមពលពន្លឺព្រះអាទិត្យជាថាមពលចម្បងបញ្ចូលទៅក្នុងបណ្តាញថាមពលអគ្គីសនីជាតិទេ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ថាមពលពីពន្លឺព្រះអាទិត្យគឺមានបរិមាណជាង ១០ភាគរយ នៃថាមពលសរុប។
ឯកឧត្តមបានឱ្យដឹងទៀតថា “និយាយអំពីថាមពលពន្លឺព្រះអាទិត្យ រាជរដ្ឋាភិបាលបានអនុម័តរួចហើយជាមួយនឹងគម្រោងសរុបមានទំហំ ៤១០មេហ្កាវ៉ាត់ រហូតដល់ឆ្នាំ២០២២ វាប្រហែល ១៥ ទៅ ១៧ភាគរយ នៃការប្រើប្រាស់ថាមពលសរុប ពីព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែបង្កើនការយកចិត្តទុកដាក់ទៅលើថាមពលបៃតងដល់បណ្តាញអគ្គិសនី”។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) ធ្លាប់បានអះអាងថា រាជរដ្ឋាភិបាលកំពុងផ្តោតលើថាមពលពន្លឺព្រះអាទិត្យ ពីព្រោះវាមានតម្លៃថោក ហើយមានផលប៉ះពាល់តិចតួចដល់បរិស្ថាន។
ឯកឧត្តមបានបន្តថា “យើងកំពុងផ្តល់អាទិភាពលើថាមពលពន្លឺព្រះអាទិត្យ ពីព្រោះវាល្អសម្រាប់បរិស្ថាន យើងចង់បញ្ចូលថាមពលបៃតងទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស គោលបំណងក៏ដើម្បីធ្វើពិពិធកម្មប្រភពថាមពលផងដែរ” ៕