អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពផ្ទាល់ផ្សារស្ទឹងមានជ័យចាស់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង
ភ្នំពេញ៖ ស្ថានភាពផ្សារស្ទឹងមានជ័យចាស់ បានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះមានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារនេះ ។
គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង មានទំហំ ១៣ម៉ែត្រគុណនិង១៨ម៉ែត្រ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្ទាល់ក្នុងទីតាំងស្ទឹងមានជ័យចាស់នេះ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ តែងបានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាច បង្កគ្រោះថ្នាក់ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀង ឬខ្យល់កន្ត្រាក់ម្តងៗ ។
ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកអភិបាល ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។
ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើម ចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ បានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានី អោយធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ៕