Detail Top Banner

មន្ត្រីនគរបាលម្នាក់ចាប់រំលោភថៅកែហាងស្រាក្រឡុកដល់ក្នុងបន្ទប់ទឹក ប្អូនគេទាន់ រត់បាត់សល់តែកាតនគរបាល

ភ្នំពេញ៖ ស្ត្រីម្នាក់ជាថៅកែហាងស្រាក្រឡុកមួយកន្លែង ទាមទាររកភាពយុត្តិធម៌ ក្រោយនាងបានអះអាងថា ត្រូវបានអនុសេនីយ៍ត្រី ប៉ែន ច័ន្ទរស្មី អត្តលេខ៨៣២៣១ ធ្វើសកម្មភាពចាប់នាងពេលនាងកំពុងនៅក្នុងបន្ទប់ទឹក ដោយការចូលមកពីក្រោយ​រួចខ្ទប់ទ្វារ ប្រតាយប្រតប់ជាមួយនាង បម្រុងចាប់រំលោភនាង នៅក្នុងបន្ទប់ទឹកនោះ​តែម្តង តែសំណាងប្អូនប្រុសរបស់នាងមកទាន់ ជនសង្ស័យជាអនុសេនីយ៍ត្រី ប៉ែន ច័ន្ទរស្មី នេះក៏រត់ចេញមកក្រៅ តែពួកគាត់ស្រវាចាប់ទាញបានកាត​សម្គាល់ខ្លួន​ជា​នគរបាលជាតិនេះ ចំណែកជនសង្ស័យរត់បាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ នៅហាងលក់ស្រាក្រឡុក តាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រាំងទារ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះឈ្មោះ ច.ដ ជាថៅកែហាងស្រាក្រឡុក ស្នាក់នៅក្នុងខណ្ឌ​ពោធិ៍សែនខាងលើ បានអះអាងថា កាតដែលខ្លួនដណ្តើមបានពីជនសង្ស័យនេះ គឺជាកាតសម្គាល់ខ្លួន មានតួនាទីមន្ត្រីនគរបាលជាតិ ឈ្មោះ ប៉ែន ច័ន្ទរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានឋានន្តរសក្តិ ជាអនុសេនីយ៍ត្រី អត្តលេខ ៨៣២៣១ នគរបាលជាតិ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយគាត់មិន​ដែល​ស្គាល់ជនសង្ស័យនោះទេ។ លុះមុនកើតហេតុ ជនសង្ស័យរួមជាមួយបក្ខពួក​មួយ​ក្រុម ចូលទៅផឹកស៊ីនៅហាងរបស់គាត់ ខណៈដែលគាត់ដើរទៅចូលបន្ទប់ទឹក​នៅផ្សារបឹងបៃតង ចម្ងាយពីកន្លែងលក់ប្រមាណ៨០ម៉ែត្រ រៀបចេញមកវិញ ក៏ត្រូវ​ជន​សង្ស័យដើរចូល ហើយរុញគាត់ឲ្យចូលក្នុងបន្ទប់ទឹកវិញ រួចចាប់ឱបជាប់ខ្ទប់មាត់ ថើប បម្រុងចាប់រំលោភគាត់ ត្រូវបានប្អូនប្រុសរបស់គាត់ ដែលនៅជួយលក់ទីនោះ​ដើរ​មក​តាម​ហៅ ព្រោះមានភ្ញៀវកម្ម៉ង់ម្ហូបច្រើន ទើបឃើញស្តែងៗ​ក៏ស្រែកឆោឡោ​និងប្រតាយប្រតប់គ្នា ចាប់ទាញបាន អត្តសញ្ញាណប័ណ្ណនគរបាលជាតិនេះតែម្តង ។ ចំណែកជនសង្ស័យភ័យរត់គេច ទៅបាត់ទាំងបក្ខពួក លុះមួយសន្ទុះក្រោយមក ជនសង្ស័យ និងបក្ខពួកបានវិលត្រឡប់មកវិញ ព្យាយាមយកកាតទៅវិញ តែជន​រងគ្រោះមិនឲ្យ ថែមទាំងត្រូវបានក្រុមជនសង្ស័យទាំងនោះ រករឿង គំរាមវាយលើ​ជនរងគ្រោះ២នាក់បងប្អូនថែមទៀត។

ពេលនេះសមត្ថកិច្ចបាននាំស្ត្រីរងគ្រោះទៅចង្អុលបង្ហាញទីតាំងកើតហេតុ ដាក់ពាក្យ​បណ្តឹង និងកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង