ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាចុះពិនិត្យទីតាំងនៅប្រាសាទអង្គរវត្ត ដើម្បីរៀបចំ សៀមរាបសង្ក្រាន្ត

ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាតំណាងឯកឧត្តមអគ្គនាយក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបេតិកភណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ រួមទាំងក្រុមការងារពាក់ព័ន្ធជាច្រើន បានចុះពិនិត្យទីតាំងនៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

ចំពោះការរៀបចំអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែមានកិច្ច សហការយ៉ាងល្អជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិងសៀមរាបសង្ក្រាន្តជាច្រើនឆ្នាំកន្លងមក។ ឯកឧត្តម សុខ សង្វារ បានលើកឡើងថា សម្រាប់ឆ្នាំនេះដែរ អាជ្ញាធរជាតិអប្សរាក៏នឹងបន្តសហការយ៉ាងល្អ ហើយត្រៀមខ្លួនជាស្រេចក្នុងការ រៀបចំសៀមរាបសង្ក្រាន្តជាថ្មីម្តងទៀត។

ជាក់ស្តែងឆ្នាំនេះ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធរជាតិអប្សរាមានគម្រោងមួយគឺ អង្គរ អតីត បច្ចុប្បន្ន និងអនាគត។ ចំពោះគម្រោងទាំងនេះ នឹងបង្ហាញអំពីវប្បធម៌ប្រពៃណីខ្មែរ បច្ចេកទេសសាងសង់ប្រាសាទ ការជួសជុលអភិរក្ស ការព្យាបាលថ្ម កំណាយបុរាណ វិទ្យា សិប្បកម្ម ដែលភ្ញៀវទេសចរអាចចូលរួមធ្វើ សកម្មភាពជាមួយអ្នកជំនាញ និងបង្ហាញអំពីសមិទ្ធផលទេសចរណ៍ជាច្រើនសម្រាប់ទស្សនាកម្សាន្ត ហើយបានយល់ដឹងនូវចំណេះដឹងជាប្រយោជន៍សម្រាប់អភិវឌ្ឍខ្លួននិងប្រទេសជាតិបានទៀតផង៕

អត្ថបទដែលជាប់ទាក់ទង