បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន ក្រោយឆ្លងកាត់ វៀតណាម កម្ពុជា ថៃ ហ្វីលីពីន និងជប៉ុន
ខេត្តសៀមរាប៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល និងអាជ្ញាធរ ខេត្តសៀមរាប បានរកឃើញមនុស្ស ៤៤នាក់ ដែលមានទំនាក់ទំនងជិតដិត និងធ្លាប់មានទំនាក់ទំនង ជាមួយជនជាតិជប៉ុន រកឃើញមានផ្ទុកជំងឺកូវីដ១៩ ក្នុងនោះ ៤នាក់ ជាជនដែលមានទំនាក់ទំនងដោយផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់ទំនង។
នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ជនដែលមានទំនាក់ទំនងផ្ទាល់ និងមិនផ្ទាល់ទាំង ៤៤នាក់ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធរ សម្រេចដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
បើទោះបីជាយ៉ាងណា រហូតមកដល់ម៉ោង១៤.៣០នាទីថ្ងៃនេះ មនុស្សទាំង ៤៤នាក់នេះ មានសុខភាពជាធម្មតា មិនមានលេចចេញនូវភាពមិនប្រក្រតីណាមួយនោះទេ។
សូមរំលឹកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយ ពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។
លោករដ្ឋមន្រ្តី បានបន្ថែមថា បុរសជនជាតិជប៉ុនរូបនេះ ជាធុរៈជនប្រកបអាជីវកម្មអន្តរជាតិ ចេញចូលច្រើនប្រទេស មិនមែនមកដំណើរកម្សាន្តលក្ខណៈ ទេសចរណ៍នោះទេ ដូច្នេះយើងត្រូវតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ចំពោះករណីនេះរូបគាត់បានឆ្លងកាត់ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺ Covid-19 នេះនៅប្រទេសណានោះទេ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បញ្ជាក់អំពីស្ថានភាពជនជាតិជប៉ុន ម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសវៀតណាម។ នេះបើតាមលិខិតរបស់លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។
បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង២០៖៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។
បើតាមរបាយការណ៍ខាងលើនេះ មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាប ទៅកាន់ប្រទេសវៀតណាម ជាមួយបុរសនោះ ត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែក នៅទីក្រុងហូជីមីញ៕