រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យមានការរៀបចំពិនិត្យលទ្ធភាព និងលក្ខខណ្ឌដើម្បីជ្រើសរើស និងតែងតាំងស្ដ្រីក្នុងមុខតំណែង
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យលទ្ធភាព និងលក្ខខណ្ឌដើម្បីជ្រើសរើស និងតែងតាំងស្ដ្រីក្នុងមុខតំណែងដឹកនាំអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការលើកឡើងរបស់សម្តេចក្រឡាហោមនេះ ក្នុងឱកាស អញ្ជើញចូលរួមអបអរសាទរទិវាអន្ដរជាតិ នារី៨មីនា ខួបលើកទី១០៩ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការជ្រើសរើស និងតែងតាំងស្រ្តីជាប្រធានអង្គភាព និងអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនអត្រាចូលរួមរបស់ស្ដ្រីឱ្យបានសមស្រប និងលើកវិធានការ ដើម្បីបង្កើនចំនួនមន្ដ្រីជ្រើសរើសថ្មីជាស្ដ្រី ឱ្យបានសមស្រប។ ជាមួយគ្នានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីមោទនភាពរបស់កម្ពុជាក្នុងការកាត់បន្ថយបាននូវគម្លាតយេនឌ័រឱ្យមានការធ្លាក់ចុះក្នុងកម្រិតពីចំណាត់ថ្នាក់១១២ នៅឆ្នាំ២០១៦ មកចំណាត់ថ្នាក់៨៩ នៅក្នុងឆ្នាំ២០២០ ក្នុងចំណោមប្រទេសចំនួន១៥៣។ ក្រៅតែពីកាត់បន្ថយគម្លាតយេនឌ័រ ដែលមានការធ្លាក់ចុះហើយនោះ កម្ពុជាក៏ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានស្រ្តីចូលរួមយ៉ាងសកម្មនៅក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់សុខភាពស្រ្តី ហើយអត្រាស្រ្តីចូលរួមក្នុងកម្លាំងពលកម្មគឺខ្ពស់ជាងគេរហូតដល់ជិត៧៩ភាគរយ។
ជាមួយគ្នានេះ សម្តេចតេជោបន្តថា ក្នុងនោះម្ចាស់អាជីវកម្មជាស្រ្តីមានចំនួន៦៥ភាគរយ បើទោះបីជាអាជីវកម្មភាគច្រើនក្នុងចំណោមអាជីវកម្មទាំងនេះគឺជាសហគ្រាសខ្នាតមីក្រូ និងខ្នាតតូចក៏ដោយ ក្រៅពីនេះ នៅក្នុងវិស័យអប់រំ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាមានសមភាពយេនឌ័រក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ហើយគម្លាតយេនឌ័រនៅក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សាក៏ត្រូវបានកាត់បន្ថយជាបណ្តើរៗដែរ ៕ អរគុណសន្តិភាព