ការច្រានចោលព័ត៌មានមិនពិតថា ក្បួនរថយន្ដរបស់ ឯកឧត្តម គួច ចំរើន ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាកាន ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ មន្ដ្រីរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោល និងបដិសេធទាំងស្រុង ចំពោះព័ត៌មានដែលចុះផ្សាយថា ក្បួនរថយន្ដរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ពេលត្រឡប់មកពីបុណ្យទន្លេនៅខេត្តបាត់ដំបង។
ប្រភពព័ត៌មានដដែលបានអះអាងថា នៅព្រឹកមិញនេះ ពេលឯកឧត្តម គួច ចំរើន ត្រឡប់មកពីចូលរួមពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ស្រាប់ប្រទះឃើញរថយន្ដមួយគ្រឿងរបស់កងអង្គរក្ស បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ហើយលោកក៏បានចុះជួយអន្ដរាគមន៍ តាមរយៈការហៅឡានពេទ្យ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មន្ដ្រីរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ឯកឧត្តម គួច ចំរើន មិនពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ឬក៏ជួបគ្រោះថ្នាក់ចរាចរណ៍ណាមួយនោះទេ ដូច្នេះហើយសូមប្រជាពលរដ្ឋ និងសាធារណៈជនកុំយល់ច្រឡំ។
សូមបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យកងអង្គរក្ស៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់ម្នាក់ត្រង់ដៃ បច្ចុប្បន្នជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន៕