“រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌” សមយុទ្ធនាគមាស ឆ្នាំ២០២០
ខេត្តកំពត៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ សមយុទ្ធនាគមាស ឆ្នាំ២០២០ នៅលើទឹកដីខេត្តកំពត ត្រូវបានធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា។
សមយុទ្ធនេះ គឺអនុវត្តនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំសមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន បានមានប្រសាសន៍ថា សមយុទ្ធលើកទី៤នេះដែរ កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនកងទ័ពចូលរួមមានចំនួន២៥៦នាក់ ដោយកងយោធពលខេមរភូមិន្ទ បញ្ជូនកម្លាំងចូលរួមចំនួន២,៧៤៦ នាក់ ក្នុងនោះមានកម្លាំងចូលរួមធ្វើសមយុទ្ធ ដោយផ្ទាល់មានចំនួន៤៦៣នាក់ ហើយក្រៅពីនោះសុទ្ធតែកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។
ចំពោះគ្រឿងបំពាក់សម្រាប់ធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺភាគីកងយោធពលខេមរភូមិន្ទ ប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន៤គ្រឿង រថក្រោះT55 ចំនួន១០គ្រឿង រថពាសដែក DMT1 ចំនួន១២ គ្រឿង និងកាំភ្លើងធំ១២២ D30 ៦គ្រឿង ព្រមទាំងកាំភ្លើងត្បាល់ចំនួន១២ដើម រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិជាច្រើនដើមទៀត ឧបករណ៍សម្រាប់ស៊ើបការណ៍ ឧបករណ៍សម្រាប់ដោះមីន ឧបករណ៍សម្រាប់រំដោះចំណាត់ខ្មាំង និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។ល។
ចំណែកកងទ័ពរំដោះប្រជាជនចិន បានប្រើប្រាស់ឧត្ថម្ភាកចក្រចំនួន៦គ្រឿង កាំភ្លើងធំ១២២ D30 ចល័តចំនួន ៣ដើម រថពាសដែកចំនួន៩គ្រឿង ព្រមទាំងគ្រឿងយន្តដទៃទៀត សម្រាប់បម្រើដល់ការងារសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ចំនួន២៨គ្រឿង និងឧបករណ៍ជា ច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា នេះជាសមយុទ្ធរួមគ្នាលើកទី៤ រវាងកងទ័ពកម្ពុជា-ចិន លើលំហាត់នាគមាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕