សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចេញសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មុននេះបន្តិចគឺវេលាម៉ោង២៤.០០នាទីឆ្លងចូលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២០ បានចេញសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ។

មកដល់ម៉ោង១១:៤០នាទី ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០យប់មិញនេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ១២ករណីហើយ ដោយក្នុងនោះមាន ៖
១-បុរសជនជាតិចិន មកពីទីក្រុងវូហានម្នាក់ (ជាសះស្បើយ)
២-បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប (កំពុងសំរាកព្យាបាលនៅខេត្តសៀមរាប)
៣-ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៥-ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៦-បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
៨-បុរសជនជាតិបារាំងស្បែកខ្មៅ អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
៩-កុមារជនជាតិបារាំងអាយុ ៤ខែ ដែលជាកូនជនជាតិបារាំងអាយុ៣៥ឆ្នាំនៅភ្នំពេញ
១០-បុរសជនជាតិខ្មែរដែលវិលមកពីប្រទេសបារាំង
១១-ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ីនៅខេត្តព្រះវិហាររអាយុ៣៥ឆ្នាំ
១២-ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ី អាយុ៣៩ឆ្នាំ នៅខេត្តស្ទឹងត្រែង ។

សព្វថ្ងៃនេះជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកលពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។ ដើម្បីទប់ស្កាត់ការរីករាលដាលនេះរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការដូចខាងក្រោម៖

១-ណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
២-គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការបុគ្គលិកគ្រប់លំដាប់ថ្នាក់ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
៣-ក្នុងករណីចាំបាច់ខានមិនបានដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំនៅបណ្ដាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗត្រូវធ្វើដំណើរទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឲ្យចូលរួមជំនួស។
៤-ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល។

ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជនត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង