ក្មេងម្នាក់ជ្រុលបាញ់ម្តាយបាត់បង់ជីវិត ដោយការជន្លរលេង បង្កឲ្យមានហានិភ័យខ្ពស់
ខេត្តកំពង់ធំ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយសារកូនប្រុសអាយុ១២ឆ្នាំ បានយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់ មកភ្ជង់ម្តាយបង្កើតលេង ស្រាប់តែរាលកៃផ្ទុះស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១៨.៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើលឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពងធំ ។
យោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចនគរបាល អធិការដ្ឋាននគរបាល ស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា មុនពេលមានករណីរាលកៃអាវុធកែច្នៃ ដែលជាអាវុធ(កាប៊ិនបាញ់គ្រាប់កង់) បណ្តាលឲ្យមានមនុស្សស្លាប់ គឺកូនប្រុសបង្កើតរបស់ជនរងគ្រោះ ដែលមានឈ្មោះ គ្រឿន ម៉ាណា ភេទប្រុស អាយុ១២ឆ្នាំ បានយកអាវុធកែច្នៃ សម្រាប់បាញ់សត្វ ហើយបានបញ្ចូលគ្រាប់ស្រាប់យកទៅភ្ជុងម្តាយលេង តែពេលដែលភ្ជង់ ក៏បានរាលកៃចំនួន ២គ្រាប់ចំដើមទ្រូងម្តាយ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ នៅក្នុងផ្ទះរបស់ជនរងគ្រោះតែម្តង។
តាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ត្រី អ៊ាត គឹមអ៊ាន់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ិត ឃឿន អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុគឺជាម្តាយបង្កើតរបស់ជនបង្ករ ដែលមានឈ្មោះ គ្រឿន ម៉ាណា បន្ទាប់ពីមានករណីឈានដល់មានមនុស្សស្លាប់ កម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីសំណាក់លោក សេន កុសល់ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទបាល្ល័ង្គ និងគ្រូពេទ្យ បានចុះមកទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ លើសាកសព្វ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារអាវុធកែច្នៃពិតប្រាកដមែន។
ក្រោយពីធ្វើកោសល្យវិច័យរួច ក៏ប្រគល់ឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក្មេងប្រុសដែលជាដើមហេតុធ្វើឲ្យម្តាយស្លាប់នោះ ត្រូវបានឃាត់ខ្លួនដើម្បីកសាងនិតិវិធីបញ្ជូនទៅតុលាការ ៕