Detail Top Banner

គូរទំនាស់បង ត្រូវប្អូន សមត្ថកិច្ចឃាត់ខ្លួនចំនួន ៥នាក់​ចំណោម ៧នាក់​ក្នុងករណី កាប់ដាច់ដៃរឿងស្រឡាញ់ស្រីមួយ គ្នាពីរនាក់

ខេត្តបន្ទាយមានជ័យ៖ យុវជនកាប់ចាក់៧នាក់ បានធ្វើសកម្មភាពកាប់ក្មេងប្រុសម្នាក់បណ្តាលឲ្យដាច់កដៃ ត្រូវបានកំលាំងនគរបាលស្រុកមង្គលបូរីចុះបង្ក្រាបឃាត់ខ្លួនបាន ៥នាក់ ចំណែក២នាក់ទៀតរត់គេចបាត់ នៅចំណុចផ្សារ ហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។


លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា នៅវេលាម៉ោង៨និង១០នាទីយប់ នៅចំណុចផ្សារហ៊ុយឡេង ក្មេង១ក្រុមមានគ្នា៧នាក់បានជិៈម៉ូតូធ្វើសកម្មភាពកាប់ទៅលើក្មេងជំទង់ម្នាក់ឈ្មោះ ដេត វណ្ណលីដា ភេទប្រុស ​អាយុ១៥ឆ្នាំ នៅភូមិបុស្បឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដាច់ដៃស្តាំត្មិល ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា.ជប៉ុន ក្នុងស្រុកមង្គលបូរី ចំណែកជនបង្កវិញក្រោយពីធ្វើសកម្មភាពរួចទាំង ៧នាក់ បានជិៈម៉ូតូរត់គេច តែរយៈពេល៧ម៉ោង ត្រូវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់​ចំនួន ៥នាក់។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា ដោយសាររឿងនេះជារឿងក្តៅគគុក ទើបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យដឹកនាំកម្លាំងនគរបាលអធិការដ្ឋាន​នគរបាលស្រុកមង្គលបូរី និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនដៃដល់មាន៖

១.ឈ្មោះ ផាន់ ធីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ដកហូតបានដាវសាម៉ូរ៉ៃ១ ជននេះកំពុងជក់គ្រឿងញៀនយ៉ាងសកម្មទៀតផង ដែលបានកាប់ទៅលើជនរងគ្រោះឈ្មោះ  ដេត វណ្ណលីដា បណ្តាលឲ្យដាច់ដៃខាងស្តាំ។

២.ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកសមគំនិត ។

៣.ឈ្មោះ ដុង វណ្ណនីត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសមគំនិត ។

៤.ឈ្មោះ ធាង ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសមគំនិត ។

៥.ឈ្មោះ មាស យ៉ត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅគ្នីគ្នាគេមកកាប់ជនរងគ្រោះ ។


លោកអធិការបានបញ្ជាក់ថា ក្រោយពីធ្វើការចាប់ឃាត់ខ្លួនឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់បានសារភាពថា ពួកគេពិតជាបានជិះម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតមែន តែគ្មានបំណងកាប់ឈ្មោះ ដេត វណ្ណលីដា ទេ គឺបំណងកាប់បងប្រុសរបស់គេឈ្មោះ ដេត ឈិនឡុង ដោយឈ្មោះ មាស យ៉ត ជាគ្នារបស់គេបានតេទូរស័ព្ទប្រាប់ថា ឈ្មោះ ដេត ឈិនឡុង បានវាយគេ គេពឹងឲ្យជួយសងសឹកឲ្យពេលជិះម៉ូតូដល់កន្លែងកើតហេតុឃើញឈ្មោះ ដេត វណ្ណលីដា ជាប្អូនជិះម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មានតែឈ្មោះ ឈិនឡុង ដែលជាគូទំនាស់ជាមួយឈ្មោះ មាស យ៉ត ។

លោកបានបញ្ជាក់បន្ថែមថា ករណីនេះ គឺផ្តើមចេញពីឈ្មោះ មាស យ៉ត ដែលស្រឡាញ់នារីម្នាក់ជាសង្សារបស់គេ ហើយចាស់ទុំខាងឈ្មោះ ដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ដណ្តឹងនាងនោះមកឲ្យកូនខ្លួនឈ្មោះ ដេត ឈិនឡុង ដល់ឈ្មោះ មាស យ៉ត មានចិត្តប្រច័ណ្ឌជាមួយឈ្មោះ ឈិនឡុង ក៏តេទូរស័ព្ទកុហកគ្នីគ្នាគេ​ចោទប្រកាន់ទៅលើឈ្មោះ ឈិនឡុង ថាបានវាយមកលើខ្លួន ។

ក្រុមក្មេងពាលដៃដល់ទាំង ៥នាក់ កម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី កំពុងរៀប​ចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ចំណែកបក្សពួកគេ ២នាក់ កំពុងគេចខ្លួននោះកម្លាំងនគរបាល ស្រុកកំពុងស្រាវជ្រាវបន្តចាប់ខ្លួន​មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង