លក់អាល់កុលក្លែងក្លាយ មិនមានគុណភាពតាមស្តង់ដា ខណៈប្រជាពលរដ្ឋកំពុងត្រូវការអាល់កុលចាំបាច់
ភ្នំពេញ ៖ បច្ចុប្បន្នមានឱសថស្ថាន ឱសថស្ថានរងមួយចំនួន លក់អាល់កុល(ក្លែងក្លាយ) មិនមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈប្រជាពលរដ្ឋកំពុងត្រូវការអាល់កុលចាំបាច់ ក្នុងការបង្ការ ការចម្លងវីរុសកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ មីនានេះ ក្រសួងសុខាភិបាល ស្នើឲ្យគ្រប់ឱសថស្ថានត្រូវទិញអាល់កុល ដែលមានប្រភពច្បាស់លាស់ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អាល់កុលប្រើប្រាស់សម្រាប់សម្លាប់មេរោគ ជាល្បាយ ដែលមានសារធាតុអេតាណុល ជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ពិសេសសារធាតុមេតាណុល ចំពោះសារធាតុមេតាណុល មិនត្រូវបានប្រើប្រាស់សម្រាប់សម្លាប់មេរោគទេ ដែលសារសារធាតុនេះ មានមុខងារសម្លាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្ដាលឲ្យពុល និងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ក្នុងករណីប្រើប្រាស់សារធាតុមិនបានត្រឹមត្រូវ ។
ក្រសួងសុខាភិបាល សូមណែនាំដល់ ម្ចាស់ឱសថស្ថាន និងឱសថការីទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរង ត្រូវអនុវត្តដូចខាងក្រោម ៖
ទី១.ឱសថការី ទទួលបន្ទុកបច្ចេកទេសត្រូវគ្រប់គ្រងឱសថស្ថានរបស់ខ្លួន ដោយអនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ។
ទី២.គ្រប់ឱសថស្ថាន ឱសថស្ថានរង ត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ដោយមានវិក័យបត្ររក្សាទុកត្រឹមត្រូវ ដើម្បីឲ្យក្រសួងសុខាភិបាលអាចតាមដាន ក៏ដូចជាស្វែងរកប្រភពជាក់លាក់ នៅពេលដែលរកឃើញថា អាល់កុលនោះ ពុំមានគុណភាពត្រឹមត្រូវ ។
ប្រសិនបើក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា ជាម្ចាស់ឱសថ ឱសថស្ថានរង ឬឱសថការី ទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរង មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ ដែលមានជាធរមាន ។
ក្រសួងសុខាភិបាល សង្ឃឹមថា ម្ចាស់ឱសថស្ថានទាំងអស់ និងអនុវត្តតាមការណែនាំនេះ ដើម្បីចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈឱសថការី និងសេចក្តីថ្លៃថ្នូរ របស់ឱសថការី ក្នុងការជួយទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕