អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីការ ការពារ និងទប់ស្កាត់ វីរុស COVID-19
ខេត្តកណ្តាល៖ រសៀលថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលដើម្បីការ ការពារ និងទប់ស្កាត់ វីរុសCOVID-19 នៅសាលាខេត្តកណ្ដាល។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និង ប្រធានច្រកទ្វារព្រំដែនទូទាំងខេត្ត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានណែនាំដល់អភិបាលក្រុង ស្រុក កងកម្លាំង និង មន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តខ្ពស់ ក្នុងការការពារ និងទប់ស្កាត់ឱ្យបាននូវការរីករាយរាលដាល វីរុស COVID-19 នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ក្នុងករណីមានផ្ទុះវីរុសCOVID-19 មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវចុះដល់ទីតាំងផ្ទាល់ ហើយធ្វើតេស្តទៅអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ព្រមទាំងយកអ្នកផ្ទុកវីរុសCOVID-19 ដាក់ដោយឡែកដើម្បីតាមដាន និងព្យាបាល។ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវណែនាំមន្ត្រី បុគ្គលិក ឱ្យស្វាគមន៍គ្នាដោយដៃសំពះ តាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ ឬប៉ះពាល់គ្នាដោយផ្ទាល់ ត្រូវចេះអនាម័យជាប្រចាំ ដោយលាងសម្អាតដៃដោយសារប៊ូ ទឹកស្អាត ឬអាល់កុលលាងដៃឱ្យបានញឹកញាប់ ហើយកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សា ការពារ សន្តិសុខសណ្តាប់សាធារណៈ នៅមូលដ្ឋាន អនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៕