កិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីខេត្តកំពង់ឆ្នាំង ដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ
ខេត្តកំពង់ឆ្នាំង៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សិទ្ធិសេរីភាព ឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីក្រុមការងារ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងស្ថាប័ននានាជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ឯកឧត្តម ថាច់ ផែន បានមានប្រសាសន៍ណែនាំដល់ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងសហការអនុវត្តន៍ នៃការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ រួមចំណែកអនុវត្តន៍តាមគោលនយោបាយរបស់រាជដ្ឋាភិបាល កម្ពុជា ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ឱ្យមានប្រសិទ្ធភាព។ ព្រោះថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដូចជា ៖ ស្រ្តីបំពេញ តួនាទីតាមក្រសួង ស្ថាប័ន អង្គភាព ការងារស្ម័គ្រចិត្ត និងកាតព្វកិច្ចជាមេផ្ទះ។ ស្រ្តីថែរក្សាសង្គមគ្រួសារ (ណែនាំអប់រំកូនចៅឱ្យក្លាយជាក្មេងល្អក្នុងសង្គម ប៉ិនប្រសប់ចាត់ចែងរាល់ការចាយវាយ សន្សំសំចៃ ទុកដាក់ថែរក្សាទ្រព្យសម្បត្តិក្នុងគ្រួសារ)។ ស្រ្តីអាចបង្កើតការងារដោយខ្លួនឯង តាមរយៈការបង្កើតសហគ្រាស ខ្នាតតូច មធ្យម។ ស្រ្តីអាចរែកពុនសម្ពាយបញ្ហាច្រើនជាងបុរស (ភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យ រាល់គ្រប់បញ្ហា)។ឯកឧត្តមបានលើកឡើងទៀតថា ត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពទាំងចំណេះដឹង ជំនាញពិតប្រាកដ ដើម្បីក្លាយខ្លួនជាដឹកនាំ អភិវឌ្ឍន៍ក្នុងអង្គភាព ស្ថាប័ននានារបស់រដ្ឋក៏ដូចជា វិស័យឯកជនផងដែរ។ ព្រោះថាស្រ្តីជាឆ្អឹងខ្នងដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍អង្គភាព ស្ថាប័ន គ្រួសារ សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា កិច្ចប្រជុំនៅពេលនេះគឺដើម្បីតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទងនឹងការលើកកម្ពស់ស្ថានភាពជីវភាពឋានៈ តួនាទី និងសុខុមាលភាពស្ត្រីនៅខេត្តកំពង់ឆ្នាំង នៅតាមមន្ទីរ និងស្ថាប័នជំនាញនីមួយៗ ត្រូវរាយការណ៍ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការកត់ត្រា និងរាយការណ៍ទៅថ្នាក់ជាតិឱ្យបានជ្រាបច្បាស់។
ឯកឧត្តមក៏បានជំរុញដល់គ្រប់ស្ថាប័ន មន្ទីរ អាជ្ញាធរដែនដី ត្រូវយកចិតទុកដាក់ក្នុងការបង្កើនចំនួនមន្រ្តីរាជការជាស្រ្តីបន្ថែមទៀត រួមទាំងចំនួនមន្រ្តីជាស្រ្តី ដែលមានសិទ្ធិសម្រេច និងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា ព្រមទាំងផ្តល់ឱកាសឱ្យមានការចូលរួមមតិយោបល់ ។ ជាពិសេសត្រូវជំរុញ និងលើកកម្ពស់រាល់សកម្មភាពទាំងអស់ គ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាស្រ្តីត្រូវបានទទួលផលប្រយោជន៍ពីការផ្តល់សេវាសង្គម សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយសមធម៌ ៕