អនុក្រឹត្យថ្មី! អ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកឡាននិយាយទូរស័ព្ទ អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព អ្នកបើកបរឆាបគេ
ភ្នំពេញ៖ យោងតាមអនុក្រឹត្យថ្មីចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់មាត្រា១០ថ្មី បង្ហាញថា ត្រូវផាកពិន័យអន្តការណ៍ ចំពោះអ្នកបើកបរយានយន្តក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផាកពិន័យរួមមានទឹកប្រាក់ចំនួន ១លានរៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន និងផាក ២លានសម្រាប់យានយន្តធុនស្រាល ហើយផាក ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់ និងត្រូវបញ្ឈប់មិនឲ្យបន្តដំណើរទៅមុខទៀត ។
មួយវិញទៀតក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់ពីការផាកពិន័យអន្តរការណ៍លើកមុន ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ អនុក្រិត្យថ្មីនេះផងដែរសម្រាប់អ្នកជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាពពិន័យ៦ម៉ឺនរៀល អ្នកបើកបរឆាបគេពិន័យ១០ម៉ឺនរៀល បើកឡាននិយាយទូរស័ព្ទពិន័យ៨ម៉ឺនរៀល អនុក្រិត្យថ្មីនេះ ធ្វើឡើងតាមសំណើរក្រសួងមហាផ្ទៃ ត្រូវគេមើលឃើញថា មានការដាក់ពិន័យធ្ងន់ជាងមុនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រង់ចំនុចនិយាយអំពីអំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ បានចែងថា ត្រូវពិន័យប្រាក់ចំនួនប្រាំមួយម៉ឺនរៀល(៦០០០០៛)ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ ព្រមទំាងកុមារអាយុ៣ឆ្នាំឡើងទៅ បើមិនពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទេនោះ។
ចំពោះអ្នកបើករថយន្តដែលប្រើទូរស័ព្ទពេលបើកបរវិញ ត្រូវពិន័យជាប្រាក់ប្រាំបីម៉ឺនរៀល(៨០០០០៛) ចំពោះអ្នកបើកបរបង្ហោះ រេចុះឡើង ឆាប ឬគៀរគេ ពិន័យដប់ម៉ឺនរៀល(១០០០០០៛)។
ដើម្បីការពារអាយុជីវិត និងលើកកម្ពស់សុជីវធម៌ពេលធ្វើដំណើរ ប្រមុខរាជរដ្ឋាភិបាល ទើបតែចេញអនុក្រិត្យថ្មីក្នុងការពិន័យអំពីអំពើល្មើសចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្លាប់ពលរដ្ឋខ្មែរ ក្នុងមួយថ្ងៃៗជាមធ្យមច្រើនជាង៥នាក់នោះ ក្នុងករណីនេះ មន្ត្រីចរាចរណ៍ផ្លូវគោកត្រូវរៀបចំកំណត់ហេតុ បញ្ជួនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ៕