ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) នៅកម្ពុជា ចូលរួមផងដែរ ។

នៅក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ឯកឧត្តម Masahiro MIKAMI និង ក្រុមការងារ ដែលតែងតែផ្តល់កិច្ចសហការស្ទើរគ្រប់វិស័យ ក្នុងការចូលរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពដែលពិភពលោកកំពុងតែជួបវិបត្តិ និងបញ្ហាប្រឈមទៅនឹងវីរុស Covid-19 បណ្តាប្រទេសជុំវិញពិភពលោកកំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង, ការពារ និងទប់ស្កាត់ទៅនឹង ការរីករាលដាលនៃវីរុស Covid-19 ដែលកំពុងរាតត្បាត បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត មនុស្សលោកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវិភាពរស់នៅនាពេលបច្ចុប្បន្ន ។ យ៉ាងណាមិញ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន កំពុងតែរងគ្រោះដូចគ្នា ដោយសារវីរុស Covid-19 អាស្រ័យហេតុនេះ រដ្ឋាភិបាល ជប៉ុន បានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការគំាទ្រផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាល់នៃវីរុស Covid-19 នេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម Masahiro MIKAMI ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទាន់ ពេលវេលា និងភ្លាមៗកន្លងមក លើករណីជនជាតិជប៉ុនដែលធ្វើទេសចរតាមនាវា Westerdam ដែលត្រូវ ជាប់គាំងហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងអនុញ្ញាតឲ្យនាវានោះចូលចតដោយ សុវត្ថិភាពនៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជន ជប៉ុន ដែលជានិច្ចជាការតែងតែជួយឧបឋម្ភ គាំទ្រ ទាំងកំលាំងកាយ កំលាំងចិត្ត និងធនធាន ដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ស្ថិតក្នុងបរិកាណ៍ពិភពលោកកំពុងមានគ្រោះអាសន្ននេះ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលជប៉ុន ដែលនៅតែផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជាតាំងដើមរៀងមក ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ៕

 

អត្ថបទដែលជាប់ទាក់ទង