សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីម៉ោង១២យប់ថ្ងៃទី២០ ខែមីនាខាមុខនេះ រហូតដល់ស្ថានការណ៍នៃវីរុស កូវីដ១៩ បានធូរស្បើយ
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីសារជាសំលេងតាមរយៈប្រព័ន្ធតេឡេក្រាមមួយបង្ហាញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចថា ចាប់ពីម៉ោង១២យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ មិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា នោះឡើយ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា ការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹក ឬបដិការនោះទេ បើទោះបីជាខាងវៀតណាមបានបិទព្រំដែនមុន ដោយគ្មានការប្រកាសប្រាប់មកភាគីកម្ពុជាយ៉ាងណាក៏ដោយ។
ការសម្រេចចិត្តរបស់សម្តេចខាងលើ បានធ្វើឡើងដើម្បីជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកចូលមកហើយ ត្រូវរដ្ឋាភិបាលវៀតណាម ដាក់ដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាផងដែរ។
ជាមួយគ្នានេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយនេះផងដែរ៕