Updating ក៏ព្រោះតែពាក្យប្រមាថ បុរសសន្តិសុខយាមនៅមុខធនាគារ PPC BANK ត្រូវឃាតករចូលមកចាក់សម្លាប់
ភ្នំពេញ៖ បុរសសន្តិសុខម្នាក់កំពុងយាមនៅមុខធនាគារសុខៗ ត្រូវឃាតករចាក់ចំពោះជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅមុខធនាគារ PPC BANK ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
ជនរងគ្រោះឈ្មោះ ប៊ុន សុខចម្រើន ភេទប្រុស អាយុ៤០ឆ្នាំ ជាសន្តិសុខឯកជន យាមធនាគារ PPC BANK មានស្រុកកំណើតនៅខេត្តបាត់ដំបង ប្រពន្ធឈ្មោះ ផន វន មុខរបររើសអេតចាយ រស់នៅខេត្តកំពង់ស្ពឺ មានកូនប្រុសស្រីក្នុងបន្ទុកចំនួន ៦នាក់(ប្រុស២នាក់) សព្វថ្ងៃជួលបន្ទប់ស្នាក់នៅខណ្ឌដង្កោ។ កាលពីមុនជនរងគ្រោះក៏ធ្លាប់ជាអ្នកដើររើសចាយ ប៉ុន្តែចង់បានប្រាក់កម្រៃបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារ ទើបមកធ្វើជាសន្តិសុខ យាមធនាគារខាងលើ ទើបបានប្រហែល១ខែតែប៉ុណ្ណោះ។
តាមរយៈកាមេរ៉ាសុវត្ថិភាព គឺបានបង្ហាញយ៉ាងច្បាស់អំពីមុខជនដៃដល់ដែលបានចាក់សម្លាប់បុរសសន្តិសុខម្នាក់ដែលកំពុងយាមនៅមុខធនាគារ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ នៅមុខធនាគារ PPC BANK ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
ខណៈពេលនេះ សមត្ថកិច្ចចាប់បានឃាតកចាក់សម្លាប់សន្តិសុខយាមនៅធនាគារនោះហើយ ដោយចាប់ខ្លួននៅខេត្តកំពង់ធំ មូលហេតុដែលចាក់សម្លាប់ជនរងគ្រោះដោយសារខឹង នឹងជនរងគ្រោះប្រមាថថា ខ្លួនជាមនុស្សញៀនថ្នាំ នេះជាការសារភាពរបស់ជនដៃដល់ បច្ចុប្បន្នកំពុងនាំខ្លួនជនដៃដល់ខាងលើ មកផ្ដន្ទាទោសតាមច្បាប់៕