ក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរជាប់ព្រំដែនកម្ពុជា-វៀតណាម ផ្អាកនូវការធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរ ជាបណ្តោះអាសន្ន

ភ្នំពេញ៖ ដោយការរកឃើញករណីឆ្លងវីរុសកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក និងខណៈពេលដែល​រដ្ឋាភិបាល​វៀតណាមបានដាក់កម្រិតលើការធ្វើដំណើរដោយ តម្រូវឱ្យមានការដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលប្រទេសផងនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់ អភិបាលនៃ​គណៈអភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា -វៀតណាម ត្រូវអនុវត្តការណែនាំ ដូចខាងក្រោម៖

១.ការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណលចូលប្រទេស​វៀតណាម​ដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក  និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីម៉ោង ២៣:៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះ មានគោលបំណងបញ្ចៀស​នូវការរីករាលដាល​នៃ​ជំងឺកូវីដ១៩។

២.វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែន​ការទូត និងផ្លូវការទេ។

៣.អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការសម្របសម្រួលជាមួយ​ភាគី​វៀតណាម ដើម្បីជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ​នូវពលរដ្ឋកម្ពុជាទាំងអស់​ដែលកំពុងត្រូវបានដា​ក់​ឱ្យនៅដាច់ដោយឡែកពីគេ ក្នុងប្រទេសវៀតណាម ប្រសិនបើមាន។

៤.អភិបាលខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្លាំងមានសមត្ថកិច្ចតាមច្រកទ្វារ​ព្រំដែនទាំងអស់ ត្រូវសហការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធានាថាការដឹកជញ្ជូនទំនិញឆ្លងកាត់​ព្រំដែនរួមអាចអនុវត្តដោយគ្មានការរាំងស្ទះ។អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការជម្រាបជូនភាគីវៀតណាមអំពីវិធានការខាងលើនេះ និងស្នើសុំការយោគយល់ ហើយត្រូវបន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ និងការប្រឹងប្រែងរួមគ្នាក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩នេះ៕

ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង