រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ដើម្បីផ្សព្វផ្សាយនូវសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

ខេត្តកំពង់ចាម៖ នៅព្រឹក​ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីផ្សព្វផ្សាយនូវ សេចក្តីណែនាំលេខ ០០៣ ស.ណ.ន ស្តីពីការផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ១៩ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ  និងរៀបចំសមាសភាពគណៈកម្មការ បង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩របស់ខេត្ត និងរដ្ឋបាលថា្នក់ក្រុង/ស្រុក ដើម្បី ទប់ស្កាត់​ការរីករាលដាលនៃវីរុសកូវីដ១៩ (covid-19)​ ក្រោមអធិបតីភាព​ ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធជំងឺកូវីដ១៩ និងមានការចូលរួមពីលោកអភិបាលរងខេត្ត ​លោកស្នងការខេត្ត​ ​ មេបញ្ជាការ​ខេត្ត​ និងមន្ទីរ អង្គភាព ពាក់ព័ន្ធផងដែរ។

សមាសភាពនៃគណៈកម្មាធិការប្រយុទ្ធជំងឺកូវីដ១៩​ខេត្ត ដែលមានអភិបាលខេត្តជា ប្រធាន អភិបាលរងខេត្ត និងប្រធានមន្ទីរពេទ្យជាអនុប្រធាន និងអស់លោកជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង.ស្រុកជាសមាជិក។ ឯកឧត្តម អ៊ុន​ ចាន់ដា  អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធជំងឺកូវីដ១៩ បានធ្វើការណែនាំដល់សមាជិកនៃគណៈកម្មាធិការ ប្រយុទ្ធជំងឺកូវីដ១៩ ខេត្តត្រូវធ្វើការតាមដានត្រួតពិនិត្យនិងវាយតម្លៃចំពោះបញ្ហាជំងឺកូវីដ១៩  នៅតាមបណ្ដាមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់ និងរៀបចំផែនការឆ្លើយតបចំពោះជំងឺ កូវីដ១៩នេះ ហើយត្រូវតាមដានកំណត់មុខសញ្ញាស្នាក់នៅចំពោះភ្ញៀវជាតិ និងអន្តរជាតិដែល បានចូលមកកម្សាន្ត និងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួននិងធ្វើការណែនាំដល់គ្រប់ផ្នែក សុខាភិបាលសាធារណៈ និងគ្លីនិកឯកជននៅតាមបណ្តាមូលដ្ឋានឱ្យចូលរួមប្រយុទ្ធនឹង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេស គឺការចូលរួមទប់ស្កាត់ រាល់ព័ត៌មានក្លែងក្លាយចំពោះបញ្ហាជាមួយកូវីដ១៩ ឱ្យមានប្រសិទ្ធភាព ព្រោះវាធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខសាធារណៈ។

ឯកឧត្ដមម អ៊ុន​ ចាន់ដា ក៏បានជំរុញឱ្យមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់រួមគ្នា ធ្វើអនាម័យខ្លួនប្រាណដោយលាងដៃ ជាមួយសាប៊ូ ឬទឹកអាកុលឱ្យបានជាប្រចាំ ដើម្បីរួមចំណែកមិនឱ្យមានការឆ្លងវីរុស covid-19 មកលើខ្លួនយើង ដោយមិនត្រូវពឹងផ្អែកមកលើមន្ទីរពេទ្យទាំងស្រុងនោះទេ។

នៅតាមមន្ទីរ អង្គភាព.ក្រុង.ស្រុក.ឃុំ.សង្កាត់ត្រូវរៀបចំឱ្យមានទឹកអាកុល សាប៊ូ ដែលសម្លាប់មេរោគផ្សេងៗ​សម្រាប់ឲ្យបុគ្គលិកលាងសម្អាតដៃមុនពេលចូលធ្វើការ ក្នុងករណីបុគ្គលិកណាមួយមានភាពមិនប្រក្រតី កំដៅឡើងលើសពីធម្មតា ត្រូវឱ្យគាត់ទៅមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ជាមួយពេទ្យ ដើម្បីទប់ស្កាត់និងព្យាបាលឱ្យបានទាន់ពេលវេលា និងមិនឱ្យមានការឆ្លងដល់អ្នកដទៃបន្ថែម៕ by AKP

អត្ថបទដែលជាប់ទាក់ទង