មកដល់ដៃប្រទេសកម្ពុជាហើយ ឧបករណ៍ធ្វើតេស្ដរកវីរុស Covid-19 ចំនួន៣០០០ ជាជំនួយមិត្តចិន
ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិន នៅកម្ពុជា បានបង្ហោះសារសរសេររៀបរាប់ថា៖នាថ្ងៃទី១៩ ខែមីនា ពិធីប្រគល់ និងទទួលប្រអប់សារធាតុតេស្តរកជម្ងឺ COVID-19(Detection Reagent)ចំនួន ៣០០០សម្រាប់ ដែលជាជំនួយរបស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តជីវវិទ្យាម៉ូលេគុលផ្សិតបាតេរី ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ជូនចំពោះក្រសួងសុខាភិបាលកម្ពុជា ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ ហើយការប្រគល់នេះត្រូវបានចូលរួមប្រគល់ដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។
ឯកឧត្តម សាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះជូនចំពោះភាគីចិនដែលបានផ្តល់ជំនួយដ៏ពិសេសមួយនេះ ហើយឯកឧត្តមមានប្រសាសន៍ថា សារធាតុតេស្តរកជម្ងឺមួយនេះ វាមានសារៈសំខាន់ជាខ្លាំងចំពោះកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19នៅក្នុងប្រទេសកម្ពុជា ៕