ស្ថានទូតកម្ពុជានៅប្រទេសថៃបញ្ជាក់ថា ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន ៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ

ស្ថានទូតព្រះរាជណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃបញ្ជាក់ថា ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត ១០ម៉ឺនដុល្លារ ដែលនឹងចាប់អនុវត្តន៍ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតព្រះរាជណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ បានឲ្យដឹងថា វិធានការនេះនឹងចូលជាធរមានចាប់ពីម៉ោង០០:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺតម្រូវឲ្យអ្នកដំណើរត្រូវត្រៀមឯកសារទុកបង្ហាញប្រតិបត្តិករអាកាសចរណ៍ ដើម្បីចេញបណ្ណធ្វើដំណើរជូន។
ឯកសារទាំងនោះរួមមាន

-ទី១៖ មុនចេញដំណើរពីប្រទេសកម្ពុជា៖ សំបុត្របញ្ជាក់សុខភាព សំបុត្រពេទ្យ ដែលបញ្ជាក់ថា អ្នកដំណើរមិនមានហានិភ័យ នាំឲ្យឆ្លងជំងឺកូវីដ១៩ និងមានសុពលភាពមិនលើសពី ៧២ម៉ោង មុនកាលបរិច្ឆេទនៃការធ្វើដំណើរ។ ឯកសារ គោលការណ៍ធានារ៉ាប់រងសុពលភាព ឯកសារ គោលការណ៍ធានារ៉ាប់រងសុពលភាព ដែលបញ្ជាក់ទឹកប្រាក់ធានារ៉ាប់រង ដែលគ្របដណ្តប់ប្រទេសថៃផង ទាបបំផុតចំនួន ១០ម៉ឺនដុល្លារអាមេរិក និងទទួលរ៉ាប់រងលើជំងឺកូវីដ១៩។
-ទី២៖ ពេលធ្វើដំណើរដល់ប្រទេសថៃ អ្នកដំណើរត្រូវបង្ហាញលិខិតបញ្ជាក់ទាំងពីរទៅកាន់មន្ត្រីត្រួតពិនិត្យជំងឺឆ្លង សំបុត្រពេទ្យ គោលការណ៍ធានារ៉ាប់រងសុខភាព និងបំពេញបែបបទ T.8 Form ឬ AOT Airport of Thailand ដែលបានចែកជូននៅលើយន្តហោះ ។
*អាចមានលក្ខខណ្ឌដាក់នៅឯកោ នៅដាច់ដោយឡែក ស្ថិតក្រោមការឃ្លាំមើល ឬវិធានការនានាសម្រាប់បង្ការ និងត្រួតពិនិត្យជំងឺឆ្លងនេះ។
ហេតុដូចនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាជ្រាបព័ត៌មានឲ្យបានច្បាស់មុន នឹងធ្វើដំណើរចូលប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង