សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់ជប៉ុន មកធ្វើទស្សនកិច្ចក្នុងខែធ្នូខាងមុខ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗរបស់ជប៉ុន ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខ ក្នុងបំណងធ្វើការសិក្សាឈ្វេងយល់បន្ថែមអំពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជាក្នុងការវិនិយោគ។ ការលើកឡើងរបស់ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជានេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ឯកឧត្តម Fumiaki Takahashi ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗរបស់ជប៉ុនមកកម្ពុជានេះ នឹង ស្នើសុំអនុញ្ជាតជួបឯកឧត្តមរដ្ឋមន្រ្តីផងដែរ ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគលើវិស័យកសិកម្ម។ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមការងារនៃគម្រោងផលិតកម្មសូត្រដែលឧបត្ថម្ភដោយអង្គការ JICA បានរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃគម្រោង ដោយបានរំលេចពីលទ្ធផលសម្រេចបានក្រៅពីសូត្រ គម្រោងបានកែច្នៃសូត្រទៅផលិតជាសាប៊ូដែលមានគុណភាពល្អប្រសើរសម្រាប់ស្រ្តី ហើយផលិតផលនេះកំពុងមានការចាប់ អារម្មណ៍យ៉ាងខ្ពស់នៅជប៉ុន។ លើពីនេះទៀត ក៏មានក្រុមហ៊ុនជប៉ុនមួយបាននិងកំពុងសិក្សា លើលទ្ធភាពក្នុងការវិនិយោគលើវារីវប្បកម្ម (ចិញ្ចឹមត្រីទីឡាព្យា) ធ្វើការកែច្នៃរួចនាំចេញនៅជប៉ុន។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចជូនភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម លក្ខខណ្ឌអំណោយផល និងឱកាសនៃការវិនិយោគ ជាពិសេសគោលនយោបាយនិងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងគោលនយោបាយលើកទឹកចិត្តលើការវិនិយោគវិស័យកសិកម្មសម្រាប់វិស័យឯកជនក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតទៅលើការធ្វើពិពិធកម្មកសិកម្ម ខ្សែសង្វាក់ ផលិតកម្ម និងតម្លៃបន្ថែម ដែលមានផលិតកម្មដំណាំ សត្វ និងវារីវប្បកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ឃ្លាំងស្តុក សម្ងួត រោងម៉ាស៊ីនកិន កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន និងនាំចេញ ដោយឈរលើគោលការណ៍ស្តង់ដារគុណភាព អនាម័យ សុវត្ថិភាព និងការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស។ ឯកឧត្ដមបានបន្ដថា បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាច្រើនដែលបាននិងកំពុងជួយជំរុញការងារផលិតកម្មកសិកម្មឱ្យដល់កម្រិតមួយធានាបាននូវគុណភាព តម្លៃបន្ថែម និងស្តង់ដារ ឆ្លើយតបតាមតម្រូវការទីផ្សារ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរនឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ រួមទាំងប្រាក់ចំណូល សំខាន់ជាងនេះគឺជួយរក្សាមរតកប្រពៃណីពីបុរាណរបស់ស្រ្តីខ្មែរគឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។ ដោយឡែកការចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួម ចំណែកកាត់បន្ថយការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែលទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវការមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគលើវិស័យវារីវប្បកម្មនាពេលអនាគត៕ By AKP